(វ៉ាស៊ីនតោន)៖ ភពដែលគេហៅថា Super Earth អាចចាត់ទុកថា ជាភពផែនដីយក្ស ហើយអ្នកវិទ្យាសាស្រ្តមួយចំនួនបានឲ្យដឹងថា ពួកវាទំនងជាមានលទ្ធភាពទ្រទ្រង់ជីវិតឲ្យរស់នៅបាន ខ្ពស់ជាងភពទាំងឡាយដែលមានទំហំប៉ុនផែនដីយើង។ ប៉ុន្តែការសិក្សាថ្មីមួយបានលាតត្រដាងឲ្យឃើញថា វានឹងជារឿងលំបាកបែបណា សម្រាប់ឲ្យជីវិតនៅលើភពអេលៀនប្រភេទនេះ (ក្រៅប្រព័ន្ធព្រះអាទិត្យ) ចាកចេញទៅធ្វើការរុករកក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
បើតាមការសិក្សាខាងលើ ដើម្បីចេញបេសកកម្មមួយ ដូចទៅនឹងបេសកកម្ម Apollo ឋានព្រះច័ន្ទ ប្រព័ន្ធរ៉ុក្កែតនៅលើភពស៊ូភើ Earth នឹងតម្រូវឲ្យមានម៉ាសស្មើនឹង ៤០០,០០០តោន ដោយសារតែតម្រូវការរបស់ប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលទំហំនេះគឺប្រហាក់ប្រហែលនឹងម៉ាសនៃប្រាសាទពីរ៉ាមីតដ៏អស្ចារ្យ Giza របស់ប្រទេសអេហ្ស៊ីប។
ខណៈដែលក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញភពអេលៀន នៅជុំវិញផ្កាយដទៃទៀត ជំពូកភពមួយក្នុងចំណោមភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលបានលេចឡើងគឺជាពពួកភព Super-Earth ឬផែនដីយក្ស ដោយពួកវាគឺជាភពដែលអាចមានម៉ាសរហូតដល់ ១០ដង ធំជាងភពផែនដីរបស់យើង។ ភព Super-Earth ជាច្រើនត្រូវគេអះអាងថា ស្ថិតនៅតំបន់អាចទ្រង់ទ្រង់ជីវិតបានក្នុងប្រព័ន្ធផ្កាយរបស់ពួកវា ពោលគឺជាទីដែលសីតុណ្ហភាព បើតាមទ្រិស្តីអាចធ្វើការទ្រទ្រង់ឲ្យមានទឹករាវ នៅលើផ្ទៃនៃភពទាំងនោះបាន ហើយឲ្យតែមានវត្តមានទឹក ទម្រង់នៃជីវិតដូចដែលយើងបានដឹងនៅលើផែនដី ក៏អាចនឹងមានវត្តមានផងដែរ។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ភព Super Earth ប្រហែលជាភាពលទ្ធភាពទ្រទ្រង់ជីវិតខ្ពស់ជាង ភពដែលមានទំហំប៉ុនៗផែនដីទៅទៀត ដោយសារតែម៉ាសដ៏ធំរបស់ពួកវា នឹងអនុញ្ញាតឲ្យមានកម្លាំងទំនាញខ្លាំង ដូច្នេះហើយកម្លាំងទំនាញទាំងនេះ អាចបង្កើតបរិយាកាសបានក្រាស់ ដើម្បីជួយការពារជីវិតបានយ៉ាងប្រសើរ ពីកាំរស្មីដែលគ្រោះថ្នាក់ៗមកពីអវកាស។
ប្រសិនបើជីវិតអាចមានការវិត្តន៍នៅលើភព Super Earth ដ៏សែនឆ្ងាយមួយនោះ ពពួកមនុស្សអេលៀននៅលើនោះ នឹងអាចមានអរិយធម៌ដ៏រីកចម្រើនខ្លាំងក្លាមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការហោះហើរទៅកាន់ទីអវកាស។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺថាកម្លាំងទំនាញដ៏មានអានុភាពរបស់ភពទាំងនោះ ក៏អាចបង្កជាផលលំបាកខ្លាំងសម្រាប់ជីវិតទាំងនោះ ធ្វើការហោះចាកចេញពីផ្ទៃភពរបស់ពួកគេផងដែរ ដើម្បីទៅធ្វើការរុករក និងស្រាវជ្រាវក្នុងទីអវកាសផងដែរ។
ហេតុដូច្នេះហើយ មនុស្សនៅតាមភព Super Earth ហាក់ដូចជាមិនអាចមានឱកាសទៅរុករកក្នុងទីអវកាសនោះទេ ជំនួសមកវិញ ពួកគេអាចនឹងជាប់គាំងនៅលើភពកំណើតរបស់ខ្លួន ហើយត្រូវប្រើប្រាស់ប្រព័ន្ធតេឡេស្កូបឡាស៊ែរ ឬវិទ្យុ សម្រាប់ការទំនាក់ទំនងក្នុងទីអវកាស ឬឆ្លងប្រព័ន្ធផ្កាយ ជំនួសការបញ្ជូនយានអវកាស៕