(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់នឹងជួបបញ្ហាធំជាងមុនជាក់ជាពុំខាន ប្រសិនបើប្រទេសនេះហ៊ានចាប់ផ្តើមកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
ថ្លែងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅសេតវិមាន លោក ត្រាំ បាននិយាយថា «វានឹងពុំមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ ដើម្បីឲ្យពួកគេ (អ៊ីរ៉ង់) ចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរឡើងវិញ។ ពួកគេនឹងមិនធ្វើយ៉ាងដូច្នោះឡើយ ពីព្រោះថាប្រសិនបើពួកគេហ៊ាន ពួកគេនឹងត្រូវប្រឈមមុខជាមួយបញ្ហាយ៉ាងធំ ដែលធំសម្បើមជាងអ្វី ដែលពួកគេធ្លាប់បានជួបប្រទះពីមុនមក។
ជាមួយគ្នានេះ ឆ្លើយតបទៅនឹងសំណួរថា តើលោកនឹងសុខចិត្តនៅបន្តគោរពតាមកិច្ចព្រមព្រៀងអ៊ីរ៉ង់ ដែលគេហៅថា JCPOA ទៀតដែរឬអត់នោះ? លោកប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា កិច្ចព្រមពៀងនេះ គឺជារឿងហួសនឹងថ្លែងហើយគួរឲ្យអស់សំណើច និងពុំគួរត្រូវបានបង្កើតឡើងនោះឡើយ។ ជុំវិញរឿងនេះប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រួហានី ក៏បានព្រមានសហរដ្ឋអាមេរិកឲ្យបន្តស្ថិតក្នុងកិច្ចព្រមព្រៀង JCPOA នេះផងដែរ បើមិនចង់ត្រូវប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរនោះ។
គួរជម្រាបថា JCPOA គឺជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលសម្រេចបានកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចធំៗលើពិភពលោក រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ បូកជាមួយសហភាពអឺរ៉ុប។ ក្នុងកិច្ចព្រមព្រៀងនេះ ក្រុមប្រទេសលោកខាងលិចទាំងនេះ បានសន្យាបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការផ្អាកកិច្ចប្រឹងប្រែងរបស់ទីក្រុងតេហេរ៉ង់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕