(ស៊ីរី)៖ យោធារបស់រុស្ស៊ីបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន នៅឯមូលដ្ឋានទ័ពអាកាស ហាម៉ៃមីម (Hmeimim) ប្រទេសស៊ីរី បានស្ទាក់ និងបាញ់កម្ទេចវត្ថុមិនស្គាល់អត្តសញ្ញាណមួយចំនួន (អាចជាមីស៊ីល ឬដ្រូនស៊ើបការណ៍) ដែលមានគោលដៅសំដៅមកលើបន្ទាយយោធានេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យយោធារុស្ស៊ីម្នាក់បានឲ្យដឹងថា នាម្សិលមិញនេះគឺថ្ងៃទី២៤ ខែមេសា មូលដ្ឋានឃ្លាំមើលដែនអាកាស នៃមូលដ្ឋានទ័ពអាកាស Hmeimim បានប្រទះឃើញសញ្ញានៃវត្ថុតូចៗមិនដឹងថា ជាអ្វីឲ្យប្រាកដមួយក្រុមនៅលើផ្ទៃអាកាស ហោះឆ្ពោះសំដៅមកកាន់បន្ទាយយោធានេះ។
យ៉ាងណាមិញ គ្រប់គោលដៅមិនស្គាល់អត្តសញ្ញាណទាំងនោះ ត្រូវបានកម្ទេចចោលទាំងអស់ ដោយប្រព័ន្ធការពារដែនអាកាស ដែលបានដាក់ពង្រាយនៅទីនោះ ហើយខណៈពេលនេះមូលដ្ឋានទ័ពអាកាស Hmeimim កំពុងបន្តធ្វើប្រតិបត្តិការជាធម្មតាដដែល ដោយពុំបានទទួលរងការខូចខាត ឬមានអ្នករងគ្រោះ ដោយសារករណីព្យាយាមវាយប្រហារមួយនេះឡើយ។
គួរជម្រាបថា មូលដ្ឋានទ័ពអាកាស ដែលជាបន្ទាយយោធាមួយក្នុងចំណោមបន្ទាយយោធាតែពីរប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការដោយប្រទេសរុស្ស៊ីនៅស៊ីរីនោះ ស្ថិតនៅក្នុងទីក្រុងឆ្នេរ ហ្សាឡេហ៍ (Jableh) ខណៈបន្ទាយមួយទៀតគឺស្ថិតនៅទីក្រុង តាទុស (Tartus) ភាគខាងលិចស៊ីរី៕