(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានកោតសរសើរមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពេញៗមាត់ សម្រាប់ការចាប់ផ្ដើមការបើកចំហរ និងគួរឱ្យគោរព នៅមុនជំនួបរវាងអ្នកទាំងពីរដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា ឬនៅខែមិថុនាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ កើតមានឡើងខណៈលោកកំពុងត្រៀមខ្លួន អង្គុយទល់មុខគ្នាចរចាជាប្រវត្តិសាស្ត្រ ជាមួយលោក គីម ជុងអ៊ុន ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ «យើងនឹងអង្គុយចរចាជាមួយលោក គីម ជុងអ៊ុន ហើយជំនួបនេះនឹងកើតមានឡើងនៅក្នុងពេលឆាប់ៗនេះ»។ នេះគឺជាការលើកឡើងរបស់លោក ត្រាំ នាឱកាសចាប់ផ្ដើមកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ប្រធានាធិបតីអាមេរិក រូបនេះបានបន្ថែមថា «យើងត្រូវបានប្រាប់ដោយផ្ទាល់ថា ពួកគេ (កូរ៉េខាងជើង) ចង់ជួបពិភាក្សាក្នុងពេលឆាប់ៗនេះតាមដែលអាចទៅរួច ហើយយើងគិតថា វាគឺជារឿងល្អសម្រាប់ពិភពលោក»។
តែទោះជាយ៉ាងនេះក្ដី កាលពីប៉ុន្មានសប្ដាហ៍មុន លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ដែរថា លោកនឹងចេញពីកិច្ចប្រជុំជាមួយលោក គីម ជុងអ៊ុន ភ្លាមៗបើសិនជាកិច្ចប្រជុំនោះ មិនមែនលទ្ធផលអ្វីទេនោះ ហើយមិនតែប៉ុណ្ណោះសេតវិមានកាលពីថ្ងៃអង្គារ ក៏បានអះអាងដែរថា គ្មានឡើយការបន្ធូរបន្ថយ ឬដកទណ្ឌកម្មលើកូរ៉េខាងជើង ដរាបណារដ្ឋកុម្មុយនិស្ដមួយនេះយល់ព្រមបោះបង់ចោល អាវុធនុយក្លេអ៊ែរទាំងស្រុង៕