(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ បានយល់ព្រមលក់យន្ដហោះហ្វឹកហ្វឺន F16 និងគ្រាប់បែកឆ្លាតវៃ Precision Guided Kits (PGK) ឱ្យប្រទេសហូឡង់ក្នុងតម្លៃរាប់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍ របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការពារសន្តិសុខ នៃក្រសួងការបរទេសអាមេរិក បានអនុម័តលើការលក់យន្ដហោះហ្វឹកហ្វឺន F16 ក៏ដូចជាការផ្ដល់សេវាកម្មឱ្យរដ្ឋាភិបាលហូឡង់ ក្នុងតម្លៃជាង ១១០លានដុល្លារ។ បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ដែរថា ការអនុម័តការលក់នេះនឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការលើកម្ពស់សមត្ថភាពការពារសន្តិសុខ របស់ប្រទេសជាសមាជិកអង្គការណាតូ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារក្រសួងការបរទេសអាមេរិក ក៏បានយល់ព្រមលក់គ្រាប់បែកឆ្លាតវៃ M1156 Precision Guided Kits (PGK) ចំនួន ៣,៥០០គ្រាប់ ឱ្យហូឡង់ផងដែរ ក្នុងតម្លៃ ៧០លានដុល្លារ ហើយ PGK នឹងជួយដល់ការអភិវឌ្ឍសមត្ថភាពបាញ់កាំភ្លើង ១១៥ មីលីម៉ែត្រ ព្រមទាំងសមត្ថភាពការពារខ្លួនរបស់ហូឡង់ ប្រឈមមុខនឹងការគំរាមកំហែងពីសត្រូវក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត៕