(តូក្យូ)៖ ក្រុមហ៊ុន Facebook បានសម្រេចចិត្តលុបចោលគណនី និងទំព័រ (Page) Facebook មួយចំនួនដែលត្រូវបានគេរាយការណ៍ថា បានផ្សព្វផ្សាយ និងលក់លេខសំងាត់សន្តិសុខសង្គម (លេខទូរស័ព្ទនៃរដ្ឋបាលសន្តិសុខសង្គមនីមួយៗ) កាតឥណទាន អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់រាប់សិបនាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japane Times នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ អ្នកនាំពាក្យក្រុមហ៊ុន Facebook បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបង្ហោះមាតិកាដូចជាលេខសន្តិសុខសង្គម ឬកាតឥណទាន មិនត្រូវបានអនុញ្ញាតឡើយនៅលើ Facebook ហើយយើងនឹងលុបចោលវាភ្លាមៗ នៅពេលដែលយើងបានដឹង»។
ដោយឡែកជាមួយគ្នានោះដែរខាងភ្នាក់ងារ Google search ក៏បានអះអាងថា ការបង្ហោះមាតិកាមួយ ចំនួនពាក់ព័ន្ធនឹងព័ត៌មានឯកជន ក្នុងនោះមានទាំងកាតឥណទាន នៅតែកើតមាននៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។ បន្ថែមពីលើនេះ បើតាមគេហទំព័រ Motherboard ក្រុម Hackers បានបង្ហោះព័ត៌មានឯកជនជាច្រើនលើ Facebook ដែលបានរក្សា ទិន្នន័យទាំងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនក្រុមហ៊ុន Facebook បានសម្រេចចិត្តលុបចោល Group Facebook ជាង ១២០ ដែលមានសមាជិកសរុបជាង ៣០០,០០០នាក់ បន្ទាប់ពីត្រូវបានអ្នកសារព័ត៌មានម្នាក់រាយការណ៍ថា ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះ បានចូលរួមលើកកម្ពស់សកម្មភាពខុសច្បាប់៕