(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបាននិយាយថា ក្រុមចុងភៅនឹងចំអិនម្ហូប rösti របស់ស្វីសសម្រាប់ទទួល មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីទទួលទានអាហារពេលល្ងាច ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅអំឡុងពេលដែលមេដឹកនាំទាំងពីរចូលរួមក្នុងកិច្ចប្រជុំអន្តរកូរ៉េជាប្រវត្តិសាស្ត្រ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
យោងតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង rösti របស់ស្វីស ដែលជាប្រភេទម្ហូបដំឡូងបារាំងចៀន ត្រូវបានជ្រើសរើសជា «មុខម្ហូបពិសេស» ដើម្បីរំលឹកដល់វ័យកុមារភាពរបស់លោក គីម ជុងអ៊ុន ដែលបានចំណាយពេលរៀនសូត្រនៅប្រទេសស្វីស។ បន្ថែមពីលើនេះ មីត្រជាក់បែបកូរ៉េខាងជើង ឬគេហៅថា នែងម្យឿន (naengmyeon) ក៏ត្រូវបានគេជ្រើសរើសជាមុខម្ហូបសម្រាប់ទទួលលោក គីម និងលោក មូន ព្រមពេលជាមួយគ្នាផងដែរ។
គួរបញ្ជាក់ថា កូរ៉េខាងជើងមិនដែលទទួលស្គាល់ថា លោក គីម ជុងអ៊ុន បានរៀនសូត្រនៅស្វីសឡើយ ប៉ុន្តែអតីតមិត្តរួមថ្នាក់ និងគ្រូ របស់លោកសុទ្ធតែអះអាងដូចគ្នាថា ពួកគេ បានចំណាយជាមួយលោក គីម នៅទីនោះ។ ចំណែកឯសារព័ត៌មានស្វីស ក៏បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងរូបនេះបានស្នាក់នៅ និងរៀននៅស្វីសក្រោមឈ្មោះក្លែងក្លាយទៀតផង៕