(អង់ការ៉ា)៖ ជុំវិញការសម្រេចរៀបចំការបោះឆ្នោតមុនពេលកំណត់ របស់ប្រធានាធិបតីតួកគី លោក រេសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) អ្នកតាមដានស្ថានការណ៍នយោបាយនៅប្រទេសតួកគី លោក មេហមែត អាលី ហ្គូល្លឺ (Mehmet Ali Guller) បានលើកឡើងថា ក្រៅតែពីការកត្តាបញ្ហានៅក្នុងប្រទេស មូលហេតុនៅពីក្រោយការសម្រេចចិត្តនេះ គឺមានជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើសកម្មភាពយោធា របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
លោក Guller បានថ្លែងប្រាប់សារព័ត៌មាន Sputnik នៅក្នុងកិច្ចសម្ភាសន៍មួយថា ការសម្រេចរៀបចំការបោះឆ្នោតមុនពេលកំណត់នេះ គឺកើតចេញមិនត្រឹមតែពីបញ្ហានៅក្នុងគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) និងគណបក្សចលនាជាតិនិយម (NMP) ប៉ុណ្ណោះទេ វាក៏មានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងផែនការយោធារបស់អាមេរិកផងដែរ។
ក្រោយពីបានជួបពិភាក្សាជាមួយប្រធានបក្សប្រឆាំង NMP លោក ដេវឡេត បាសេលី (Devlet Bahceli) លោក Erdogan បានគូសបញ្ជាក់ថា ប្រទេសតួកគីនឹងរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីមុនកាលកំណត់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។ ជុំវិញរឿងនេះ លោក Guller បានបញ្ជាក់ថា ស្ថានការណ៍ស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតមានកាលពីមុនមកផងដែរ តួយ៉ាងកាលពីឆ្នាំ២០០២ នៅពេលដែលសហរដ្ឋអាមេរិក បានរៀបចំគម្រោងសម្រាប់ការធ្វើអន្តរាគមន៍នៅប្រទេសអ៊ីរ៉ាក់ លោក Bahceli បានអំពាវនាវឲ្យមានការបោះឆ្នោតមុនពេលកំណត់ ដែលជាលទ្ធផលគណបក្ស AKP បានឡើងកាន់អំណាចនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០២។
សម្រាប់ពេលបច្ចុប្បន្នវិញ លោក Bahceli បានស្នើឲ្យមានការបោះឆ្នោតមុនកាលកំណត់ នៅចំពេលដែលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានចាប់ផ្តើមរៀបចំ និងអនុវត្តន៍ផែនការសកម្មភាពយោធារបស់ពួកខ្លួន ប្រឆាំងប្រទេសស៊ីរី។ ដំបូងឡើយលោក Bahceli បានឲ្យជាយោបល់ថា ការបោះឆ្នោតនេះ គួរធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ប៉ុន្តែប្រធានាធិបតី លោក Erdogan ចង់ឲ្យប្រព្រឹត្តទៅឆាប់ជាងនេះ គឺនៅថ្ងៃទី២៤ ខែមិថុនាវិញ៕