(វ៉ាស៊ីនតោន)៖ ទីបំផុតសេតវិមានបានសំដែងការពេញចិត្តពេញថ្លើមជាខ្លាំង ចំពោះការដែលគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស នៃព្រឹទ្ធិសភាបានសម្រេចផ្តល់គាំទ្រដល់លោក ម៉ៃក៍ ប៉ុមផេអូ (Mike Pompeo) ដែលត្រូវបានជ្រើសរើសឲ្យកាន់មុខតំណែងជាប្រមុខការទូតថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
លោក Mike Pompeo ដែលត្រូវបានណែនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីមកជំនួសលោក Rex Tillerson ជារដ្ឋមន្រ្តីការបរទេសអាមេរិកថ្មី ទទួលបានការគាំទ្រពីគណៈកម្មាធិការខាងលើនាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្នុងសំឡេង១១ទល់០៩។
ជុំវិញដំណឹងដ៏ល្អនេះ សេតវិមានរបស់លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍មួយថា «ជាមួយលទ្ធផលនេះ ពលរដ្ឋអាមេរិកទាំងអស់ បានបោះជំហានកាន់ជិតថែមទៀត ក្នុងការទទួលបានប្រមុខការទូតរបស់ពួកគេ កាន់តួនាទីនៅចំពេលដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្រ្តនៃប្រទេសរបស់យើង។ យើងទន្ទឹងរង់ចាំព្រឹទ្ធសភាទាំងមូល នឹងធ្វើការអនុម័តលោក Mike Pompeo ជាផ្លូវការចុងក្រោយ នៅប៉ុន្មានថ្ងៃខាងមុខ»។
គួរជម្រាបថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក Pompeo ដែលជាអ្នកស្ម័គ្រស្មោះម្នាក់នឹងលោក ត្រាំ ត្រូវបានគេមើលឃើញថា ជាបុគ្គលម្នាក់ដែលស្រឡាញ់សង្រ្គាម ហើយក្នុងនាមជាអ្នកតំណាងឲ្យលោក ដូណាល់ ត្រាំ រូបលោក Pompeo កាលពីដើមខែនេះ បានធ្វើទស្សនកិច្ចស្ងាត់ៗដើម្បីទៅជួបជាមួយ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើង នៅឯរដ្ឋធានីព្យុងយ៉ាងទៀតផង៕