(កង់បេរ៉ា)៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយនៅក្នុងប្រទេសអូស្រ្តាលី បានបង្ហាញឲ្យឃើញថា កាឡាក់ស៊ីនានានៅក្នុងចក្រវាឡរីកធំធាត់ឡើងៗ នៅពេលដែលពួកវាមានអាយុកាលកាន់តែចាស់ទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
ការស្រាវជ្រាវខាងលើ ដែលទើបត្រូវបានចេញផ្សាយក្តៅៗនាថ្ងៃអង្គារនេះ ដោយសាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) និងសាកលវិទ្យាល័យទីក្រុងស៊ីដនី បានលាតត្រដាងឲ្យពួកយើងទាំងអស់ដឹងថា ទំហំក៏ដូចជារូបរាងរបស់កាឡាក់ស៊ី គឹមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងអាយុកាលរបស់វា។
លោក Matthew Colless ប្រធានអ្នកនិពន្ធនៃការសិក្សាខាងលើ ដែលមកពីសាកលវិទ្យាល័យ ANU បានឲ្យដឹងដូច្នេះថា «កាឡាក់ស៊ីភាគច្រើនមានរូបរាង ចន្លោះពីដុំបាល់ដែលមូលតិលមួយ និងបន្ទះឌីសសំប៉ែតដូចទៅនឹងកាក់។ ពួកយើងបានរកឃើញថា អាយុកាលជាធម្មតារបស់ផ្កាយនៅក្នុងកាឡាក់ស៊ី និងកម្រិតនៃភាពមូល និងភាពសំប៉ែត គឺមានទំនាក់ទំនងនឹងគ្នា ដោយកាឡាក់ស៊ីដែលនៅមានអាយុកាលតិច មានរូបរាងជាបន្ទះឌីសសំប៉ែត ហើយកាឡាក់ស៊ីដែលចាស់ៗ គឺមានរាងដូចដុំបាល់»។
អាយុកាលរបស់កាឡាក់ស៊ីមួយ អាចត្រូវគេកំណត់តាមរយៈការស្ទង់មើលអាយុ នៃក្រុមផ្កាយដែលស្ថិតនៅក្នុងវា។ លោក Colless បានលើកឡើងថា «រូបរាងពិតរបស់កាឡាក់ស៊ីមួយ ត្រូវគេវាស់វែងដោយផ្អែកទៅលើមើលឃើញរូបរាងជាបឋមរបស់វា ព្រមទាំងចលនារបស់ផ្កាយដែលនៅក្នុងកាឡាក់ស៊ីនោះ ដែលអាចប្រាប់ឲ្យដឹងថា យើងកំពុងសំឡឹងមើលកាឡាក់ស៊ីមួយនោះពីមុំខាងណា ដោយប្រការនេះនឹងអាចឲ្យយើង ចែកឲ្យដាច់នូវកាឡាក់ស៊ីដែលមានរាងមូលពិតប្រាកដ ពីកាឡាក់ស៊ីសំប៉ែត ដែលយើងមើលចំពីមុខគឺមានរាងមូលដែរ»។
លោក Matthew Colless រួមជាមួយក្រុមការងារអន្តរជាតិរបស់លោក រួមមានអ្នកវិទ្យាសាស្រ្តមកពី សហរដ្ឋអាមេរិក អឺរ៉ុប អាហ្រ្វិកខាងត្បូង ឥណ្ឌា កូរ៉េខាងត្បូង បានកំណត់ថា កាឡាក់ស៊ី Milky Way របស់យើងបើគិតពីទំហំ គឺមានកម្រិតមធ្យមប៉ុណ្ណោះ។ លោក Colles បាននិយាយថា «កាឡាក់ស៊ីរបស់យើង ស្ថិតនៅធុនកណ្តាល ដោយវាតូចជាងកាឡាក់ស៊ី ដែលធំៗបំផុត ១០០ដង និងធំជាងកាឡាក់ស៊ីតូចៗបំផុតប្រមាណ១,០០០ដង។ វាមានផ្កាយដ៏ចំណាស់ៗមួយចំនួន តែក៏មានផ្កាយក្មេងៗមួយចំនួនរួមផ្សំផងដែរ ដោយនេះគឺជាការលាយឡំបញ្ចូលគ្នាដែលធ្វើឲ្យ Milky Way មានអាយុកាលមធ្យម»។
គួរជម្រាបថា ដូច្នេះហើយរូបរាងរបស់កាឡាក់ស៊ីយើងក៏នៅធុនមធ្យមផងដែរ ដោយវាមានទាំងបន្ទះឌីសសំប៉ែត និងដុំបាល់នៅចំចំណុចកណ្តាល។ សម្រាប់កាឡាក់ស៊ីរបស់យើងនេះ គឺមានមុខកាត់ប្រវែងប្រមាណជា ៩៨០,០០០ឆ្នាំពន្លឺ ឯណោះ ហើយបើថានេះជាទំហំតូចនោះ នោះកាឡាក់ស៊ីដែលធំជាងនេះរាប់រយដង ក៏អាចមានមុខកាត់រាប់រយលានឆ្នាំពន្លឺផងដែរ៕