(ម៉ូស្គូ)៖ ការទទូចរបស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ឱ្យសហរដ្ឋអាមេរិកបន្តរក្សាវត្តមានយោធា នៅក្នុងប្រទេសស៊ីរីនោះ ហាក់ដូចជាបានបង្ហាញយ៉ាងច្បាស់ថា ចរិកអាណានិគមបារាំងកំពុងត្រឡប់មកវិញសាជាថ្មី។ នេះគឺជាសម្ដីរបស់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ ( Sergei Lavrov) ចុះផ្សាយបន្តដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
លោក ស៊ឺហ្គៃ ឡាវរ៉ូវ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃចន្ទក្នុងទីក្រុងប៉េកាំង។ ថ្លែងនាឱកាសនោះដែរ លោកប្រមុខការទូតរុស្ស៊ីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានលឺប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ទទូចឱ្យសហរដ្ឋអាមេរិកកុំដកទ័ពចេញពីប្រទេសស៊ីរី បើទោះជាពួកភេរវករត្រូវបានលុបបំបាត់ ឬត្រូវបណ្ដេញចេញពីស៊ីរីក៏ដោយ... នេះជាការបង្ហាញយ៉ាងច្បាស់ អំពីគោលជំហរបែបអាណានិគម»។
គួរជំរាបថា កាលពីថ្ងៃទី១៤ ខែមេសា ក្រោយបារាំងបានចូលរួមជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ដឹកនាំការវាយប្រហារតាមផ្លូវអាកាស លើទីតាំងដែលសម្ព័ន្ធមិត្តអាមេរិកបានចោទថា ស៊ីរីលួចផលិត និងលាក់អាវុធគីមីនោះ លោក ម៉ាក្រុង បានអះអាងថា លោកគឺជាអ្នកបញ្ចុះបញ្ចូលឱ្យលោក ដូណាល់ ត្រាំ បើកការវាយប្រហារនេះ ហើយថាវាគឺជារឿងចាំបាច់ ដែលសហរដ្ឋអាមេរិកត្រូវតែរក្សាវត្តមានកងទ័ពនៅស៊ីរី ដើម្បីជួយកសាងស៊ីរីថ្មីមួយ នៅក្រោយសង្រ្គាមបញ្ចប់៕