(អ៊ីស្រាអែល)៖ កងទ័ពអាកាសអ៊ីស្រាអែល បានលុបចោលការចូលរួមនៃក្រុមយន្តហោះចម្បាំងធុន F-15 របស់ខ្លួន នៅក្នុងការធ្វើសមយុទ្ធផ្លូវអាកាសអន្តរជាតិ Red Flag ដែលប្រារព្ធឡើងនៅរដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក ខណៈដែលប្រទេសអ៊ីស្រាអែល កំពុងប្រឈមមុខនឹងភាពតានតឹងកាន់តែកើនឡើង ជាមួយអ៊ីរ៉ង់ និងស៊ីរី ព្រមទាំងការបំផ្ទុះបាតុកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅតំបន់ហ្គាហ្សា (Gaza)។ ហេតុដូចនេះជំនួសមកវិញ យន្តហោះចម្បាំង F-15 នឹងបន្តនៅប្រុងជើងការខ្ពស់ក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
សមយុទ្ធយោធា Red Flag គឺជាការហ្វឹកហាត់សមផ្នែកប្រយុទ្ធផ្លូវអាកាសដ៏ទំនើប និងស្មុគស្មាញមួយ ដែលត្រូវរៀបចំឡើងនៅឯមូលដ្ឋានទ័ពអាកាស នែលលីស (Nellis) នៃរដ្ឋណេវ៉ាដា (Nevada) និងនៅមូលដ្ឋានទ័ពអាកាស អៀលសុន (Eielson) ក្នុងរដ្ឋអាឡាស់ស្កា។ តាមពិតសមយុទ្ធ Red Flag ដែលប្រព្រឹត្តទៅនៅអាឡាស្កា នឹងក្លាយជាការចូលរួមលើកទីមួយរបស់អ៊ីស្រាអែល ដែលវាអនុញ្ញាតឲ្យប្រទេសដទៃទៀត ចូលរួមហ្វឹកហាត់លើសណ្ឋាណនដីគ្របដណ្តប់ដោយព្រិល និងអាកាសធាតុត្រជាក់ ដោយវាគឺជាឱកាសដ៏កម្រសម្រាប់ដៃគូអាមេរិកមួយចំនួន ដូចជាអ៊ីស្រាអែលជាដើម ទោះបីជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ធ្លាប់បានចូលរួមក្នុងលំហាត់យោធា Red Flag ដទៃទៀតក៏ដោយ។
គួរជម្រាបថា កាលពីថ្ងៃទី០៩ ខែមេសា យន្តហោះចម្បាំងធុន F-15 ចំនួនពីរគ្រឿង របស់អ៊ីស្រាអែល បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាស T-4 របស់ស៊ីរី ដែលបានផ្តាច់ជីវិតជនជាតិអ៊ីរ៉ង់ ០៧នាក់ ដែលធ្វើប្រតិបត្តិការនៅទីនោះ ក្នុងនាមជាក្រុមតំណាងឲ្យរដ្ឋាភិបាលអ៊ីរ៉ង់។ ការវាយប្រហារនាពេលនោះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ថា យន្តហោះដ្រូនផ្ទុកគ្រឿងផ្ទុះមួយគ្រឿង ត្រូវបានគេបញ្ជូនចូលមកក្នុងដែនអាកាសអ៊ីស្រាអែល ដោយចេញពីបន្ទាយ T-4។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលត្រូវគេរាយការណ៍ថា បានបង្គាប់ឲ្យក្រុមយន្តហោះចម្បាំង F-15 បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងករណីដែលអ៊ីរ៉ង់ អាចនឹងវាយបកវិញ ដោយសារក្រសួងការបរទេសអ៊ីរ៉ង់ធ្លាប់បានប្តេជ្ញាថា នឹងឆ្លើយតបចំពោះសកម្មភាពវាយប្រហារនេះ៕