(សេអ៊ូល)៖ តម្លៃស្លាកយីហានៃក្រុមហ៊ុនអាកាសចរណ៍ Korean Air បាននិងកំពុងបន្តធ្លាក់ចុះចាប់តាំងតែពីមានការផ្ទុះរឿងអាស្រូវដ៏កក្រើកនាពេលថ្មីៗនេះ កើតមានជុំវិញគ្រួសារនៃម្ចាស់ក្រុមហ៊ុននេះ។ នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
តម្លៃភាគហ៊ុនរបស់អាកាសចរណ៍ Korean Air នៅក្នុងផ្សារហ៊ុនគិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ គឺបានបិទនៅត្រឹម ៤៧៣,០០០វ៉ុន (៤៣៩ដុល្លារ)។ តម្លៃស្លាកយីហោរបស់អាកាសចរណ៍កូរ៉េនេះ បានបន្តដាំក្បាលចុះ ចាប់តាំងពីថ្ងៃទី១៦ ខែមេសា ភ្លាមៗបន្ទាប់ពីលោកស្រី ចូ យ៉ុនមីន (Cho Hyun-min) ជាអតីតអគ្គនាយករង និងជាកូនស្រីពៅនៃប្រធានក្រុមហ៊ុន Korean Air ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនល្អ ទៅលើអ្នករួមការងារ។
រឿងអាស្រូវនេះ បានផ្ទុះឡើងដោយសារមានការចោទប្រកាន់ថា លោកស្រីបានជះទឹកទៅលើមុខរបស់ប្រធានផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Korean Air ដោយសារតែអារម្មណ៍ខឹងឆេវឆាវ នៅក្នុងកិច្ចប្រជុំមួយ ក៏ព្រោះតែបុគ្គលនោះ មិនអាចឆ្លើយសំណួររបស់លោកស្រីបាន ហើយមិនយូរប៉ុន្មានវាក៏បានរាលដាលទៅដល់ការសង្ស័យថា មានអំពើលួចរត់ពន្ធ និងបទល្មើសដទៃទៀត ដែលប្រព្រឹត្តដោយក្រុមគ្រួសាររបស់ប្រធានក្រុមហ៊ុនអាកាសចរណ៍ Korean Air ទាំងមូលតែម្តង ដោយក្នុងនោះរួមមានទាំងភរិយារបស់លោក ដែលត្រូវបានគេចោទប្រកាន់ដូចទៅនឹងកូនស្រីរបស់ខ្លួនដែរ នោះគឺការប្រព្រឹត្តអាកប្បកិរិយាមិនល្អទៅលើបុគ្គលិកក្រុមហ៊ុន។
គួរជម្រាបថា នាម្សិលមិញនេះស្ថាប័នគយកូរ៉េខាងត្បូង ក៏បានចុះធ្វើការឆែកឆេរទីស្នាក់ការកណ្តាលនិងការិយាល័យរបស់អាកាសចរណ៍ Korean Air ថែមទៀតផងជុំវិញការសង្ស័យថា សមាជិកនៃក្រុមគ្រួសាររបស់មហាសេដ្ឋី ចូ យ៉ាងហូ (Cho Yang-ho) ដែលជាប្រធានក្រុមហ៊ុន បានលួចនាំចូលទំនិញប្រណិតៗមកកាន់ប្រទេសអាស៊ីខាងកើតនេះ ដោយមិនបានបង់ពន្ធ។
ដោយឡែក ប៉ូលិសកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា ពួកគេបានបើកការស៊ើបអង្កេតបឋម ទៅលើភរិយារបស់ប្រធានក្រុមហ៊ុន Korean Air គឺលោកស្រី លី ម្យុងហ៊ី (Lee Myung-hee) ដែលត្រូវបានគេចោទប្រកាន់ថា បានបញ្ជាកម្មករសំណង់ម្នាក់ ដែលលោកស្រីជួលឲ្យមកកែលម្អរគេហដ្ឋានរបស់លោកស្រី កាលពីឆ្នាំ២០១៣ ឲ្យលុតជង្គង់ហើយព្យាយាមទះកំផ្លៀងបុគ្គលរូបនោះ។
នៅពេលកម្មករសំណង់នោះ បានគេចចេញពីការទះកំផ្លៀង លោកស្រី Lee ក៏បានស្រែកគំហកដាក់ និងទាត់ធាក់លើបុគ្គលនោះថែមទៀតផង។ ម៉្យាងវិញទៀត លោកស្រី Lee ក៏ត្រូវគេសង្ស័យថា បានជេរប្រទិចបុគ្គលិកម្នាក់របស់សណ្ឋាគារ ហ្គ្រែន ហាយ៉ាត់ (Grand Hyatt) នៅខេត្ត អ៊ីនជាន់ (Incheon) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហានជីនគ្រុប (Hanjin Group) ជាម្ចាស់របស់ក្រុមហ៊ុន Korean Air ហើយបន្ទាប់ទៀតលោកស្រី ក៏បានបណ្តេញបុគ្គលិករូបនោះពីការងារ ដោយសារតែគេមិនចំណាំលោកស្រី និងហៅលោកស្រីថា ជាស្រ្តីចំណាស់។
ជុំវិញរឿងអាស្រូវខាងលើនេះ លោកស្រី Cho Hyun-min ដែលជាកូនស្រីរបស់លោក Cho Yang-ho និងលោកស្រី Lee Myung-hee កំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ។ លោកស្រី Cho Hyun-min គឺជាប្អូនស្រីរបស់លោកស្រី Cho Hyun-ah ដែលធ្លាប់មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដ៏កក្រើកដូចគ្នាកាលពីឆ្នាំ២០១៤។ កាលនោះលោកស្រី Hyun-ah បានបញ្ជាឲ្យយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ Korean Air វិលត្រឡប់ទៅចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ចន អែហ្វ ខេនណឺឌី (John F. Kennedy) នៃទីក្រុងញូយ៉កវិញ ដោយសារតែលោកស្រី មិនពេញចិត្តនឹងការដែលគេបម្រើគ្រាប់ផ្លែឈើមកឲ្យលោកស្រី គឺអ្នកបម្រើលើយន្តហោះ បានដាក់គ្រាប់ផ្លែឈើនោះក្នុងកញ្ចប់មួយ ជំនួសឲ្យការដាក់លើចាន។
លោកស្រី ចូ យ៉ុនអា (Cho Hyun-ah) វ័យ ៤៤ឆ្នាំ ត្រូវបានគេរកឃើញថា មានទោសពីបទរំលោភលើសុវត្ថិភាពអាកាសចរណ៍ និងបទប្រើអំណាចបង្ខិតបង្ខំកាលពីឆ្នាំ២០១៥ ហើយបានជាប់ពន្ធនាគាររយៈពេល ០៥ខែ។ កាលពីខែមុន លោកស្រី Hyun-ah បានមកកាន់តួនាទីជាប្រធាន នៃបណ្តាញសណ្ឋាគារ KAL ដែលជាប្រតិបត្តិការរបស់សណ្ឋាគារ Grand Hyatt។ យ៉ាងណាមិញ បងប្អូនស្រីទាំងពីរនាក់ ដែលត្រូវជាចៅស្រីរបស់បិតាស្ថានិកសម្ព័ន្ធ Hanjin Group ដែលជាចក្រភពជំនួញគ្រប់គ្រងដោយគ្រួសារ ដ៏ធំមួយនៅកូរ៉េខាងត្បូងនេះ នឹងចុះចេញពីតំណែងរបស់ពួកគេ។
ជាមួយគ្នានេះ លោក ចូ វ៉ុនតែ (Cho Won-tae) ដែលជាកូនប្រុសច្បងនៃក្រុមគ្រួសារត្រកូល Cho នេះ នៅតែបន្តជាអគ្គនាយក និងជានាយកទទួលបន្ទុកប្រតិបត្តិការរបស់អាកាសចរណ៍ Korea Air ដដែល ខណៈគេហដ្ឋានរបស់លោក និងបងប្អូនស្រីទាំងពីរនាក់ ក៏ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង ចុះឆែកឆេររឿងទំនិញរត់ពន្ធផងដែរ៕