(វ៉ាស៊ីនតោន)៖ គេហទំព័រឃ្លាំមើលសកម្មភាព និងរឿងសម្ងាត់កូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក 38 North បានអះអាងថា ទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅតែអាចធ្វើប្រតិបត្តិការបានយ៉ាងពេញលេញ ហើយដែលនេះគឺផ្ទុយទាំងស្រុងទៅនឹងសេចក្ដីរាយការណ៍ថា ទីតាំងធ្វើតេស្ដនេះជិតរលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សេចក្ដីរាយការណ៍ជាច្រើនបានឱ្យដឹងថា កូរ៉េខាងជើងបានសម្រេចចិត្តបិទទីតាំងធ្វើតេស្ដនុយក្លេអ៊ែរមួយរបស់ខ្លួន ដោយសារតែវាមិនអាចប្រើប្រាស់បានតទៅទៀត។ ក៏ប៉ុន្តែបើតាម 38 North ទីតាំងសាកល្បងនុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) ស្ថិតនៅភាគឦសាននៃប្រទេសកូរ៉េខាងជើង នៅតែអាចធ្វើប្រតិបត្តិការបាន យ៉ាងពេញលេញនៅពេលចាំបាច់។
វែបសាយ 38 North បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង ជាទីដែលទីក្រុងព្យុងយ៉ាងបានដឹកនាំ ការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី ៦ នៅតែអាចប្រតិបត្តិការបានយ៉ាងពេញលេញ»។
គេហទំព័រមួយនេះបន្ថែមថា កូរ៉េខាងជើងហាក់ដូចជាបានបោះបង់ចោល ទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅតំបន់ភាគខាងជើង បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី ៦ កាលពីខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែផ្លូវរូងក្រោមដីថ្មីមួយ ត្រូវបានគេប្រទះឃើញនៅតំបន់ភាគខាងលិចនៃទីតាំង Punggye-ri កាលពីដើមខែមីនាកន្លងទៅ។
គួរបញ្ជាក់ថា មុនជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែឧសភា ឬនៅដើមខែមិថុនា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុនអ៊ុន បានប្រកាសថាទីក្រុងព្យុងយ៉ាង នឹង បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ក៏ដូចជាបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនមួយកន្លែងផងដែរ។
យ៉ាងណាក៏ដោយ បើគេចាំមិនភ្លេចកាលពីជំនាន់ឪពុកលោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ក៏ធ្លាប់បានសន្យាដូចគ្នានេះដែរ តែនៅទីបញ្ចប់របបដឹកនាំកុម្មុយនិស្ដមួយនេះ រឹតតែបង្កើនការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់។ ជាងនេះទៅទៀត ក្រុមអ្នកជំនាញមួយចំនួនយល់ថា ការប្រកាសរបស់លោក គីម ជុងអ៊ុន បញ្ជាក់ថា កូរ៉េខាងជើងបានចាត់ទុកខ្លួនឯងជារដ្ឋនុយក្លេអ៊ែរទៅហើយ ពោលគឺនិយាយឱ្យចំមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃទៅហើយ បច្ចុប្បន្នគឺជាពេលដែលកូរ៉េខាងជើង ត្រូវប្រឹងប្រែងធ្វើយ៉ាងណាស្ដារសេដ្ឋកិច្ចវិញម្ដង និងគេចចេញពីទណ្ឌកម្មរបស់អន្តរជាតិ៕