ចិន៖ អគ្គីភ័យលេបត្របាក់ KTV មួយកន្លែងក្នុងខេត្តក្វាងទុង «ឆក់យកជីវិតមនុស្ស១៨នាក់ និងរបួស០៥នាក់...»
24-04-2018 09:36
(ក្វាងចូវ)៖ អគ្គីភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះ Bar-KTV មួយកន្លែងនៅក្នុងទីក្រុងគីងយ័ន នៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន នាពេលរំលងអធ្រាតឈានចូលថ្ងៃអង្គារនេះតែម្តង ដោយបានផ្តាច់ជីវិតមនុស្សសរុប ១៨នាក់ និងបង្ករបួស ០៥នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
ភ្លើងត្រូវបានគេរាយការណ៍ថា បានឆាបឆេះនៅវេលាម៉ោង ០០៖៣០នាទីរំលងអធ្រាត នៅក្នុងខារ៉ាអូខេ និងបារមួយកន្លែងនៅតាមដងផ្លូវ ឆាយ័ន នៃសង្កាត់យីនដេ ក្នុងទីក្រុងគីងយ័ន (Qingyuang) ហើយវាបានរលត់ទៅវិញនៅរយៈពេលជាង ២០នាទីបន្ទាប់ ប៉ុន្តែជាអកុសល្យមនុស្ស ១៨នាក់បានស្លាប់ និង ០៥នាក់រងរបួស ដែលភាគច្រើនជាភ្ញៀវ និងខ្លះទៀតជាអ្នកបម្រើការងារនៅក្នុងទីកន្លែងកម្សាន្តនោះ។ ចំពោះមូលហេតុនៃការឆាបឆេះខាងលើនេះ គឺមិនទាន់មានការបញ្ជាក់ទេ៕