បើករថយន្តបំបុកមនុស្សនៅ Toronto ប្រទេសកាណាដា «បណ្តាលឲ្យស្លាប់ ១០នាក់ និងរបួស ១៥នាក់» ខណៈមិនទាន់មានការអះអាងថា ជាភេរវកម្ម...
24-04-2018 09:08
(កាណាដា)៖ ប៉ូលិសកាណាដា នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនដល់ ១០នាក់ហើយ នៅក្នុងហេតុការណ៍រថយន្ដ មួយគ្រឿងបើកបំបុកអ្នកថ្មើរជើង នៅឯភាគខាងជើងនៃជាយទីក្រុង តូរ៉ុនតូ (Toronto) កាលពីថ្ងៃចន្ទ (ពេលវេលានៅអាមេរិកខាងជើង) ខណៈមិនទាន់មានការបញ្ជាក់ថា វាអាចជាអំពើភេរវកម្ម ឬក៏អត់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
យោងតាមប៉ូលិស មនុស្ស១៥នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ និងកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យផ្សេងៗពីគ្នាក្នុងទីក្រុង Toronto ខណៈសេចក្ដីរាយការណ៍ដំបូង បានឱ្យដឹងថាមនុស្ស០៩នាក់បានស្លាប់ និង១៦នាក់រងរបួស នៅក្នុងការវាយប្រហារដោយបើករថយន្តបំបុកនេះ។ បន្ថែមពីលើនេះ ប្រធានប៉ូលិសក្នុងទីក្រុង Toronto លោក ម៉ាក សនដឺស (Mark Saunders) បានអះអាងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន និងកំណត់អត្តសញ្ញាណថា មានឈ្មោះ អាឡេក មីណាស៊ាន (Alek Minassian) អាយុ ២៥ឆ្នាំ មកពីជាយទីក្រុង Toronto។
ក៏ប៉ុន្តែមកទល់នឹងពេលនេះ ចេតនាពិតប្រាកដនៃការវាយប្រហារនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ហើយប៉ូលិសទីក្រុង Toronto ក៏មិនបានបង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងជនសង្ស័យដែរ៕