(ប៉េកាំង)៖ ចិន និងរុស្ស៊ី បានសន្យាថា នឹងចូលរួមចំណែកទទួលខុសត្រូវលើការរក្សាសន្តិភាពរបស់ពិភពលោក ហើយការលើកឡើង បែបនេះធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបទេសនៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ ( Sergei Lavrov) ដែលកំពុងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងទីក្រុងបេកាំងប្រទេសចិនពីថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារស្អែកនេះ ហើយលោកក៏នឹងត្រូវចូលរួមដែរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)។
នៅក្នុងជំនួបនៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានប្រកាសថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញដំណើរ ទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង នៅខែមិថុនាខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំ SCO។ បន្ថែមពីលើនេះប្រទេសទាំងពីរបានចុះហត្ថ លេខាលើយន្ដការណ៍ពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរទៀតផង។
គួរបញ្ជាក់ថា ក្រៅតែពីកិច្ចពិភាក្សាស្ដីពីទំនាក់រវាងចិន និងរុស្ស៊ី លោក វ៉ាង យី និងលោក Sergei Lavrov ក៏បានពិភាក្សាគ្នាផងដែរ ពីបញ្ហាកូរ៉េខាជើង ស៊ីរី និងកិច្ចព្រមព្រៀងនុយក្លេអ៊ែររ៉ង់៕