(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កងទ័ពសហរដ្ឋអាមេរិក និងហ្ស៊កដានី បានរួមគ្នាធ្វើសមយុទ្ធពិសេសមួយស្តីពីការត្រៀមលក្ខណៈដើម្បីការពារទបទល់នឹង សារធាតុគីមី ជីវសាស្រ្ត និងនុយក្លេអ៊ែរជាដើម៕
២៖ ដំណោះស្រាយតាមផ្លូវនយោបាយ គឺជាមធ្យោបាយតែមួយគត់ ដើម្បីអាចជួយឲ្យវិបត្តិស៊ីរី ដែលកំពុងបន្តអូសបន្លាយរហូតមក ដល់ថ្ងៃនេះ អាចបញ្ចប់ទៅបាន។ នេះបើតាមសម្តីអ្នកតំណាងពិសេសរបស់ចិន នៅប្រទេសស៊ីរី លោក ស៊ី ហ្ស៊ាវយ៉ាន (Xie Xiaoyan)៕
៣៖ ក្រុមអ្នកទេសចរចិនប្រមាណ ៣២នាក់ និងជនជាតិកូរ៉េខាងជើង ០៤នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ គឺរថយន្តក្រុងជ្រុលចង្កូតធ្លាក់ពីលើស្ពាន នៅក្នុងប្រទេសកូរ៉េខាងជើងតែម្តង៕
៤៖ គ្រោះរញ្ជួយផែនដីកម្រិត ៥.៦រ៉ិចទ័រ បានប្រហារចំដែនសមុទ្រភាគខាងកើតនៃ ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃចន្ទនេះ៕
៥៖ កងកម្លាំងការពារព្រំដែន នៃប្រទេសវៀតណាម បានចាប់ខ្លួនជនជាតិឡាវម្នាក់អាយុ ៦២ឆ្នាំ ពីបទលួចរត់ពន្ធគ្រឿងញៀនដូចជា មេតំហ្វេតាមីនចំនួន ៤០គីឡូក្រាម, ថ្នាំញៀនកែច្នៃចំនួន ១២០,០០០គ្រាប់ និងម្សៅហេរ៉ូអ៊ីនចំនួនពីរកញ្ចប់ធំដែលសរុបជាង ទឹកប្រាក់គឺប្រមាណជា៨៨៥,០០០ដុល្លារសហរដ្ឋអាមេរិក៕
៦៖ ខណៈក្រុមហ៊ុន Lockheed Martin កំពុងរៀបចំបញ្ចប់ជាស្ថាពរ នូវការដំឡើងយានអវកាស Orion ដែលនឹងធ្វើការហោះហើរ នៅក្នុងបេសកកម្មលើកដំបូងរបស់ប្រព័ន្ធគ្រាប់រ៉ុក្កែត SLS នោះ ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអាកាស-អវកាស និងការពារជាតិរបស់ អាមេរិកនេះ បានឲ្យដឹងថា ខ្លួនកំពុងព្យាយាមកាត់បន្ថយការចំណាយ ទៅលើយានអវកាសសម្រាប់ថ្ងៃអនាគតនេះ ដោយក្នុងនោះ រួមមានតាមរយៈវិធីសាស្រ្ត នៃការប្រើប្រាស់ឡើងវិញជាដើម៕