(ម៉ាឡេស៊ី)៖ ក្នុងឱកាសដែល លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយលរដ្ឋមន្រ្តី បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងអនិកជនខ្មែរ នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី លោកស្រី យ៉ា ម៉ៃសុំ អនិកជនខ្មែរឥស្លាម នៅម៉ាឡេស៊ី អាយុ៧០ឆ្នាំ បានស្រដីទាំងទឹកភ្នែកអាឡោះអាឡៃ នឹករលឹកពីចម្ងាយ និងគោរពដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានរំដោះអាយុជិវិតគាត់ និងពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត ឲ្យរស់រានមានជីវិតរស់នៅ ដោយសេចក្តីសុខក្សេមក្សាន្ត ក្រោមដំបូលនៃម្លប់សន្តិភាពតែមួយ។
ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី, លោក សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី ជាពិសេសជំនួបនេះ បានទទួលស្វាគមន៍ អបអរសាទរ ពីសំណាក់តំណាងសហគមន៍អនិកជនខ្មែរ ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅតំបន់នានា ក្នុងរដ្ឋខាងលើ នៃតំបន់ Sungai Boluh ប្រមាណជា៦០៤នាក់។
លោកស្រីតំណាងអនិកជនខ្មែរបន្តថា បើគ្មានសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនផ្សេងៗទៀត ពេលនេះរូបលោកស្រីផ្ទាល់ និងអ្នកឯទៀត មិនត្រូវបានរស់រានមានជីវិតដល់សព្វថ្ងៃនោះទេ។
ដើម្បីបង្កើនការយកចិត្តទុកដាក់ និងសម្រួលដោះស្រាយការងារលំបាកផ្សេងៗរបស់ពលរដ្ឋខ្មែរនៅម៉ាឡេស៊ី លោកស្រី រត្ន ម៉ានី ជាអគ្គរាជទូតកម្ពុជា នៅម៉ាឡេស៊ី ផ្តល់ឱកាសដល់បងប្អូនចោទជាសំណួរ និងក៏ដូចជាការលើកឡើងនូវសំណើរនានា សុំអន្តរាគមន៍ពីស្ថានទូត ហើយលោកស្រី ក៏បានផ្តល់លេខទូរស័ព្ទទំនាក់ទំនង ២៤ម៉ោងលើ២៤ម៉ោង នៅស្ថានទូតជូនដល់បងប្អូនផងដែរ។
បន្ទាប់ពីបាននាំនូវក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧកញ៉ា អូស្មាន ហាស្សាន់ បាននាំនូវដំណឹងរីករាយផ្សេងៗស្តីពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់ជម្រកដ៏កក់ក្តៅដល់ពលរដ្ឋខ្មែរ ដែលបានភៀសខ្លួនពីកម្ពុជា នៅសម័យសង្គ្រាម តាំងពីទស្សវត្ស៧០ និងទស្សវត្ស៨០ លោកឧកញ៉ា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសហគមន៍របស់ខ្លួន ឲ្យរួបរួមសហការគ្នាបំពេញតួនាទីជាកូនខ្មែរ ដែលរស់នៅក្រោមដំបូលម៉ាឡេស៊ី ដ៏មានតម្លៃគុណធម៌ និងត្រូវដឹងគុណជានិច្ចដល់គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលបានពលីលះបង់គ្រប់យ៉ាង តស៊ូសម្រេចបានការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃនៅទឹកដីកម្ពុជា រក្សាការពារបូរណភាពទឹកដី ការធ្វើសុខដមបនីយកម្ម គ្រប់ជាតិសាសន៍ឲ្យរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព សេរីភាព និងការរីកចម្រើន។
បន្ទាប់ពីបញ្ចប់ពិធីសំណាលជាមួយបងប្អូនខ្មែរ នៅរដ្ឋ Selangor គណៈប្រតិភូក៏បានបន្តដំណើរប្រមាណជា១៥០គីឡូម៉ែត្រថែមទៀត គឺទៅកាន់ រដ្ឋ Melaka ដើម្បីសាកសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនខ្មែរ ដែលនៅរដ្ឋមួយនេះ៕