(ប៉ារីស)៖ ប្រជាជនបារាំងច្រើនជាងពាក់កណ្ដាល បានបង្ហាញការមិនពេញចិត្ត ចំពោះការដឹកនាំរបស់ប្រធានាធិបតីបារាំង លោក អែម ម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការស្ទង់មតិរបស់ Ifop poll ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ការស្ទង់មតិរបស់ Ifop poll ធ្វើឡើងនៅចំពេល ដែលបារាំងបានចូលរួមជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងការវាយប្រហារផ្លូវអាកាសនៅស៊ីរី និងបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាល លោក ម៉ាក្រុង ធ្វើកំណែទម្រង់លើវិស័យការងារ។ ការស្ទង់មតិនេះដដែលបានឱ្យដឹងដូច្នេះថា «ប្រជាជនបារាំង ៥៥ភាគរយ បានបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ចំពោះការដឹកនាំរបស់លោក ម៉ាក្រុង។ ដោយក្នុងនោះ នៅពេលត្រូវបានសាកសួរថា តើអ្នកពេញចិត្ត ឬមិនពេញចិត្តលោក ម៉ាក្រុង ជាប្រធានាធិបតីបារាំង? មានតែ ៤៤ភាគរយប៉ុណ្ណោះឆ្លើយថា «ពេញចិត្ត» ក្នុងនោះ ០៥ភាគរយ ពេញចិត្តខ្លាំងបំផុត និង៣៩ភាគរយពេញចិត្តធម្មតា ខណៈ២៣ភាគរយទៀតថា មិនពេញចិត្តបំផុត និង ៣២ភាគរយមិនពេញចិត្ត»។
គួរបញ្ជាក់ថា ការសិក្សាខាងលើ ត្រូវបានធ្វើឡើងលើមនុស្សជិត ២,០០០នាក់ តាមរយៈបណ្ដាញអនឡាញ និងទូរស័ព្ទដៃពីថ្ងៃទី១២ ដល់ថ្ងៃទី ២១ ខែមេសា ហើយត្រូវបានចេញផ្សាយដោយសារព័ត៌មានបារាំង Le Journal du Dimanche៕