(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាខូម ធើនបាយ (Malcolm Turnbull) បានដឹកនាំរដ្ឋាភិបាលរបស់លោក ឆ្ពោះទៅរកភាពខ្លាំងក្នុងរយៈពេល ១៨ខែមកនេះ ដោយទទួលបានលទ្ធផលយ៉ាងល្អក្នុងការស្ទង់មតិ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ការស្ទង់មតិធ្វើឡើងដោយ Newspoll ចេញផ្សាយនៅថ្ងៃចន្ទនេះ បានរកឃើញថា រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សសេរីនិយមជាតិ (LNP) របស់លោក Malcolm Turnbull បានបិទបញ្ចប់គម្លាតដាច់ឆ្ងាយពីគណបក្សពលករអូស្រ្តាលី (ALP) ដែលជាគណបក្សប្រឆាំងដ៏ធំ បំផុតនៅក្នុងប្រទេស។ យោងតាមការស្ទង់មតិដដែល ការនាំមុខរបស់ ALP លើ LNP បានថយចុះមកវិញជាច្រើនភាគរយ បើធៀបនឹងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយដែល នេះគឺជាលទ្ធផលដ៏ល្អបំផុតសម្រាប់គណបក្ស LNP គិតចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ២០១៥។
គួរបញ្ជាក់ថា ការចេញផ្សាយលទ្ធផលស្ទង់មតិនេះ ធ្វើឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Malcolm Turnbull និយាយថា លោកមានការជឿជាក់ថា លោកនឹងនៅតែអាចដឹកនាំគណបក្ស LNP ឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០១៩ ខណៈមានការសន្និដ្ឋានជាច្រើនថា លោកនឹងត្រូវជួបគូប្រជែងដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សអភិរក្សនិយម៕