(ហាណូយ)៖ កងកម្លាំងការពារព្រំដែន នៃប្រទេសវៀតណាម បានចាប់ខ្លួនជនជាតិឡាវម្នាក់អាយុ ៦២ឆ្នាំ ពីបទលួចរត់ពន្ធគ្រឿងញៀនដូចជា មេតំហ្វេតាមីនចំនួន ៤០គីឡូក្រាម, ថ្នាំញៀនកែច្នៃចំនួន ១២០,០០០គ្រាប់ និងម្សៅហេរ៉ូអ៊ីនចំនួនពីរកញ្ចប់ធំ ដែលសរុបជាងទឹកប្រាក់គឺប្រមាណជា ៨៨៥,០០០ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
បុរសជនជាតិឡាវខាងលើនេះ ត្រូវបានចាប់ឃុំឃាំងជាបណ្តោះអាសន្ន នៅឯតំបន់ព្រំដែនវៀតណាម កាលពីសប្តាហ៍មុននេះបន្ទាប់ពីរូបគេបានព្យាយាមដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់ព្រំដែន ដើម្បីមកប្រគល់ដល់ដៃឈ្មួញជាជនជាតិវៀតណាម។ នេះបើតាមសម្តីរបស់មន្ត្រីការពារព្រំដែន នៃខេត្តសុនឡា (Son La) របស់ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា ចំនួននៃការចាប់បានគ្រឿងញៀនមេតំហ្វេតាមីន ដែលលួចនាំចូលមកក្នុងប្រទេសវៀតណាម កាន់តែមានការកើនឡើង ដោយសារតែគ្រឿងញៀនប្រភេទនេះ គឺត្រូវបានផលិតឡើងក្នុងទ្រង់ទ្រាយធំនៅតំបន់ត្រីកោណមាសរវាងព្រំដែន ឡាវ ថៃ និងមីយ៉ាន់ម៉ា ដោយមានតម្លៃទាបផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញវៀតណាម៕