(គែរ)៖ ដំណោះស្រាយតាមផ្លូវនយោបាយ គឺជាមធ្យោបាយតែមួយគត់ ដើម្បីអាចជួយឲ្យវិបត្តិស៊ីរី ដែលកំពុងបន្តអូសបន្លាយរហូតមកដល់ថ្ងៃនេះ អាចបញ្ចប់ទៅបាន។ នេះបើតាមសម្តីអ្នកតំណាងពិសេសរបស់ចិន នៅប្រទេសស៊ីរី លោក ស៊ី ហ្ស៊ាវយ៉ាន (Xie Xiaoyan)ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯរដ្ឋធានីគែរប្រទេសអេហ្ស៊ីប លោក Xie បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ជុំវិញស្ថានការណ៍ដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន នៅស៊ីរី ហើយទន្ទឹមនឹងនោះលោកក៏បានទទូចឲ្យប្រទេសពាក់ព័ន្ធនានា ចូលរួមបន្ធូរបន្ថយភាពតឹង និងងាកទៅរកការចរចាគ្នាដោយសន្តិវិធីជំនួសវិញ។
លោក Xie Xiaoyan បានគូសបញ្ជាក់ថា «ប្រទេសចិនពុំដែលគាំទ្រនោះឡើយ ចំពោះការប្រើប្រាស់កម្លាំងបាយ ឬក៏ការគំរាមកំហែងប្រើធម៌ក្តៅ នៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយអ្នកតំណាងពិសេសរូបនេះបានបន្ថែមថា អធិបតេយ្យភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី គួរតែត្រូវបានគោរពដោយត្រឹមត្រូវ»។
គួរជម្រាបថា បើតាមលោក Xie រដ្ឋាភិបាលទីក្រុងប៉េកាំង មានជំនឿជឿជាក់ថា ពុំមានដំណោះស្រាយផ្នែកយោធាណាមួយ អាចដោះស្រាយបញ្ហានៅស៊ីរីបានឡើយ ហើយច្រកផ្លូវដែលអាចងើបចេញពីវិបត្តិដ៏រ៉ាំរ៉ៃនេះរួចនោះ គឺមានតែការដោះស្រាយតាមផ្នែកនយោបាយប៉ុណ្ណោះ (ជាការអង្គុយចុះចរចាគ្នា រវាងភាគីពាក់ព័ន្ធ)៕