(អាមេរិក)៖ ប្រសិនបើគេ​តម្រូវឲ្យស្ថាប័ន​មួយ​ ធ្វើការចាត់ថ្នាក់​ទៅលើខ្សែភាពយន្ត​អវកាសនោះ គឺពុំមាន​នរណាផ្សេងដែល​សាកសម ជាង​​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ទៀតនោះ​ឡើយ។ ខណៈការផ្តោត​សំខាន់​របស់ពួកគេ គឺជាចម្បង​ទៅលើការពង្រីក​សមត្ថភាព​ឈោង​ឆាប់របស់យើង​ទៅកាន់ផ្សេងៗ​ទៀត នៃកាឡាក់ស៊ី​របស់យើង​នោះ ក្រុមស្រ្តីៗជា​អ្នកវិទ្យាសាស្រ្ត​នៅ NASA ក៏បានឆ្លៀត​ឱកាស​បញ្ចេញមតិ​​យោបល់គួរ​ឲ្យចាប់​អារម្មណ៍ ទៅលើភាពយន្តអវកាស​ដែលល្អ និងអាក្រក់បំផុត​ផងដែរ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​វែប​សាយ Value Walk នៅព្រឹក​ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

៥៖ សម្រាប់ខ្សែ​ភាពយន្តអវកាស​ ដែលមានភាពអន់​ខ្សោយ​បំផុត នៅក្នុងទស្សន​របស់ NASA គឺរឿង Planet of the Apes កាលពី​ឆ្នាំ២០០១។ ខ្សែ​ភាពយន្តនេះ រៀបរាប់​ពីដំណើរ​រឿង​នៅលើភព​មួយ ដែលគ្រប់គ្រង​ដោយសត្វស្វា ហើយនៅក្នុង​សាច់រឿងដែល​មានរយៈពេល​ប្រមាណ ​០២ម៉ោងនេះ ​បើតាម NASA គឺវាមានកំហុសឆ្គង​ផ្នែកវិទ្យាសាស្រ្ត​ជាច្រើន ដែលអាចនិយាយបានថា មិនមែនជារឿង​ប្រឌិតមិនមែនបែបវិទ្យាសាស្ត្រពេញលេញ។

 

៤៖ ខណៈ​ភាពយន្ត Gravity ឆ្នាំ២០១៣ ទទួលបានការ​កោតសរសើរជាខ្លាំង ពីក្រុមអ្នក​វាយតម្លៃ​ខ្សែភាពយន្ត​អង្គការ NASA ដែលជឿជាក់ថា វា​គួរ​តែស្ថិតនៅលេខរៀង​ល្អ នៃបញ្ជីរឿងអវកាស​ល្អ ប៉ុន្តែវាបែរជាស្ថិតនៅ​ក្នុងលេខរៀង​​អាក្រក់បែបនេះទៅវិញ។ បញ្ហានោះ​គឺដោយសារពួកគេ​ (អ្នកវិទ្យាសាស្ត្រ) ​មិនយល់ស្រប​ចំពោះការបង្ហាញ​​​ឲ្យឃើញ​ទិដ្ឋភាព​ក្នុងសាច់រឿង​ អំពីទីភ្នាក់ងារ​អវកាសនេះ ដែលខុសពី​ធាតុពិតជាក់​ស្តែង​យ៉ាង​ឆ្ងាយ។

 

NASA បានបញ្ជាក់​លើកឡើងថា «អ្វីៗអាចប្រែ​ទៅជាអាក្រក់​​ខ្លាំងមែនទែន ហើយវាពុំមែន​ជាអារម្មណ៍ដែល​យើងចង់ឲ្យអ្នក​រាល់គ្នា មានចំពោះស្ថាប័ន​អវកាសមួយនេះ​ឡើយ»។ រឿង Gravity រៀបរាប់​​ពី​​ដំណើររឿងនៃ​ស្រ្តីម្នាក់ជា​អវកាសយានិករបស់​អង្គការ NASA ដែលនៅរសាត់​អណ្តែតក្នុង​ទីអវកាស បន្ទាប់ពីស្ថានីយ​អវកាស​របស់នាង ត្រូវ​បានបំផ្លាញដោយ​បាតុភូតដ៏ខ្លាំង​ក្លា​មួយ ហើយនាងបានធ្លាក់ចុះមកផែនដីវិញ ជាមួយនឹងបន្ទប់យាន​អវកាស​ដែលបែកខ្ទេចខ្ទីរ ធ្លាក់ចូល​ទៅក្នុង​ផ្ទៃទឹក។

៣៖ ចូលមកដល់រឿងអវកាស​ដែលល្អគួរសមវិញម្តង គឺភាពយន្ត​ភាគ Star Trek: The Next Generation ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៤។ ចំណុចដែល​មាន​លក្ខណៈពិសេស​មួយសម្រាប់ខ្សែភាពយន្ត​នេះ គឺវាបានផ្តល់​ការជំរុញលើកទឹកចិត្ត​ជាខ្លាំង ដល់អ្នក​វិទ្យាសាស្រ្ត NASA ជាច្រើននាក់ ឲ្យ​​សម្រេចឈាន​ជើងមកក្នុងទីភ្នាក់ងារអវកាសនេះ។ Star Trek: The Next Generation និយាយអំពី​ដំណើរផ្សងព្រេង​​របស់ក្រុមមនុស្ស​ក៏ដូច​ជាក្រុមមនុស្ស​ក្រៅភព​ជាច្រើន​ផ្សេងទៀត ក្នុងទីអវកាស ដែលជារឿងប្រកបដោយការអប់រំ និងមានភាពប្រាកដ​​និយមច្រើន នៅក្នុងឈុតឆាក​សម្តែង។

២៖ នៅចំណាត់ថ្នាក់​កំពូលទីពីរ គឺរឿង Apollo 13 ហើយអ្វីដែល​ជាចំណុចខ្លាំង​របស់ខ្សែ​ភាពយន្តនេះ គឺកម្រិតនៃភាព​ជាក់ស្តែងក្នុង​ភាពយន្ត​អវកាសនេះ។ ខណៈរឿងភាគ​ច្រើននៅក្នុង​បញ្ជីនេះ ផ្តោតទៅលើតម្លៃ​នៃការកម្សាន្ត​អារម្មណ៍នោះ អ្នកវិទ្យាសាស្រ្ត​របស់ NASA បានឲ្យដឹង​ថា Apollo 13 គឺដូចរឿងមែន​ទែនពិតៗ​អ៊ីចឹង។ រឿង Apollo 13 គឺត្រូវបានគេ​យោងទៅតាមព្រឹត្តិការណ៍​ នៃបេសកកម្ម​បញ្ជូនមនុស្ស​លើក​ទី​ ៧ ​​ទៅឋាន​ព្រះច័ន្ទ (Apollo 13) របស់ NASA។

១៖ ទីបំផុតសម្រា​ប់លេខរៀង​កំពូល គឺរឿង The Martian។ មូលហេតុចម្បង​ជាងគេនោះ គឺសាច់រឿងទាក់ទង​នឹងភពអង្គារ (Mars) ជាភព​ដែល​អង្គការ NASA បានកំណត់​គោលដៅថា នឹងបញ្ជូនអវកាស​យានិកទៅកាន់ទីនោះ​ ឲ្យបាន​នាពេលអនាគត ហើយខ្សែភាពយន្ត​នេះ​បានបង្ហាញ​ឲ្យឃើញថា តើវាលំបាកប៉ុន្មាន​ក្នុងការសម្រេចគោល​ដៅនេះ ជាពិសេស គឺការចុះចតលើ​ភពអង្គារ ការគ្រប់គ្រង​ធនធាន​ដែលចាំបាច់ ការដាំដុះលើភព​ក្រហម និងការ​ត្រដររស់​នៅក្នុងស្ថានភាព​ដ៏លំបាក នៅពេលគ្រោះ​អាសន្នកើតមាន​ឡើងភ្លាមៗ៕