(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា យើងត្រូវការពេលវេលាយូរទៀត ដើម្បីបិទបញ្ចប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែលោកថាបំណងរបស់កូរ៉េខាងជើង ក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ជារឿងដ៏អសា្ចរ្យសម្រាប់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ថ្លែងកាលពីថ្ងៃអាទិត្យ នៅលើ Twitter ដែលជាប្រព័ន្ធទំនាក់ទំនងសង្គមសំណព្វចិត្តរបស់ខ្លួន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនៅឆ្ងាយណាស់ពីការសនិ្នដ្ឋានលើកូរ៉េខាងជើង ព្រោះថាវាអាចនឹងទទួលបានលទ្ធផលល្អ ឬក៏អាចនឹងមានលទ្ធផលមិនល្អ។ ប៉ុន្តែការងារដែលខ្ញុំកំពុងធ្វើបច្ចុប្បន្ន គួរតែត្រូវបានដោះស្រាយតាំងតែពីយូរណាស់មកហើយ»។
គួររំលឹកថា កាលពីថ្ងៃសៅរ៍កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ព្រមទាំងបិទ ទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរមួយផងដែរ នៅមុខជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ឬនៅដើមខែមិថុនា ខាងមុខនេះ៕