(ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយជាសាធារណថា សហរដ្ឋអាមេរិក បារាំង រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន មិនគួរចាកចេញពីប្រទេសស៊ីរីឡើយ ក្រោយជម្លោះបញ្ចប់ ប៉ុន្តែត្រូវនាំគ្នាកសាងប្រទេសស៊ីរីថ្មីមួយជាមុនសិន។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយទូរទស្សន៍អាមេរិក Fox News ចេញផ្សាយកាលពី ថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីបារាំងរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវតែកសាងប្រទេសស៊ីរីថ្មីមួយ ក្រោយពីសង្រ្គាមបញ្ចប់ (...) នៅថ្ងៃដែលយើងបញ្ចប់សង្រ្គាមនេះប្រឆាំងនឹងពួក ISIS ហើយយើងចាកចេញពីស៊ីរី ដោយមិនគិតពីទស្សននយោបាយ នោះមានន័យថា យើងនឹងបើកផ្លូវឱ្យ បាស្សា អាល់អាសាដ (ប្រធានាធិបតីស៊ីរី) និងរបបអ៊ីរ៉ង់ បង្កសង្រ្គាមនិងបង្កើតពួកភេរវករថ្មីតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បើតាមលោក ម៉ាក្រុង សហរដ្ឋអាមេរិកមានតួនាទីយ៉ាងសំខាន់ ក្នុងវត្ថុបំណងកសាងប្រទេសស៊ីរីថ្មី ប៉ុន្តែលោកយល់ថា វាមិនមែនផ្ដោតសំខាន់លើកងកម្លាំងអាមេរិក ដោយស្វ័យប្រវត្តិនោះទេ តែគឺផ្ដោតលើគោលនយោបាយការទូតអាមេរិក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ពួកគេ បានដឹកនាំប្រតិបត្តិការយោធាវាយប្រហារតាមផ្លូវអាកាស នៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១៤ ដើម្បីគាំទ្រក្រុមឧទ្ទាមស៊ីរីប្រឆាំងនឹងពួក ISIS។ ចំណែកឯ ទីក្រុងដាម៉ាស់បានចោទថា វាជាសកម្មភាពរំលោភលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស៊ីរី ព្រមទាំងធ្វើឡើងដោយគ្មានការអនុញ្ញាត៕