(ហ្ស៊កដានី)៖ កងទ័ពសហរដ្ឋអាមេរិក និងហ្ស៊កដានី បានរួមគ្នាធ្វើសមយុទ្ធពិសេសមួយ ស្តីពីការត្រៀមលក្ខណៈដើម្បីការពារទបទល់នឹងសារធាតុគីមី ជីវសាស្រ្ត និងនុយក្លេអ៊ែរជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Washington Post នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
សមយុទ្ធខាងលើនេះគឺស្ថិតក្រោមក្របខណ្ឌ នៃការធ្វើលំហាត់យោធាប្រឆាំងតស៊ូមានឈ្មោះថា អ៊ីហ្គឺ ឡាយអឺន (Eager Lion) ដែលមានរយៈពេល ១២ថ្ងៃ និងមានការចូលរួមពីពលទាហានជាង ៧,០០០នាក់ ដោយក្នុងនោះមានកងទ័ពរបស់អាមេរិកចំនួន ៣,៥០០នាក់ ហើយវាត្រូវបានធ្វើឡើងនៅជាយក្រុង ហ្សារកា (Zarqa) ភាគខាងកើតរដ្ឋធានី អាំម៉ាន់ (Amman) របស់ប្រទេសហ្ស៊កដានី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។
គួរជម្រាបថា សមយុទ្ធយោធា Eager Lion បានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស បានធ្វើការបាញ់មីស៊ីលជាង ១០០គ្រាប់ ស្រោចទៅលើគោលដៅយោធារបស់ប្រទេសស៊ីរី ដើម្បីឆ្លើយតបចំពោះការសង្ស័យថា មានករណីវាយប្រហារដោយអាវុធគីមី នៅជាយក្រុងដាម៉ាស ដែលជាស្នាដៃរបស់រដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាស្សាដ។ Eager Lion បច្ចុប្បន្នគឺជាសមយុទ្ធយោធាដ៏ធំជាងគេបំផុតរបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ា៕