(កាប៊ុល)៖ ក្រុមមន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថានបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏គួរឲ្យរន្ធត់ នៅខាងក្រៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងទីក្រុងកាប៊ុល បានកើនដល់៥៧នាក់ហើយ និង ១១៩នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ការវាយប្រហារខាងលើបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅចំពេលមនុស្សម្នាជាច្រើននាក់ កំពុងរង់ចាំយកអត្តសញ្ញាណប័ណ្ណ ហើយក្រុមតាលីបង់ដែលតែងតែដឹកនាំសកម្មភាពវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកប្រឆាំងនឹងអាជ្ញាធរ ក៏បានចេញមុខបដិសេធដែរថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ។ ប៉ុន្តែភ្លាមៗនោះ ក្រុម ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយ ការវាយប្រហារនេះដែលមានគោលដៅ លើអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត។
គួរបញ្ជាក់ថា ក្រុម ISIS និងក្រុមតាលីបង់ តែងតែដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតជារឿយៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងកាប៊ុល។ ប៉ុន្តែការវាយប្រហារផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យ កើតឡើងនៅមុនពេលដែល ការបោះឆ្នោតសភាអាហ្វហ្គានីស្ថាន នៅត្រូវប្រព្រឹត្តទៅនៅខែតុលា ខាងមុខនេះ៕