(សេអ៊ូល)៖ កូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនសម្រេចចិត្តបិទប្រព័ន្ធផ្សព្វផ្សាយរិះគន់កូរ៉េខាងជើង នៅតំបន់ព្រំដែនកូរ៉េហើយ ដោយរំពឹងថាវាអាចនឹងជួយបង្កើនភាពរីកចំរើន នៃការផ្សះផ្សារវាងកូរ៉េទាំងពីរ ដែលនឹងត្រូវជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូល អន្តរកូរ៉េនៅសប្ដាហ៍នេះ។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «ក្រសួងការពារបានសម្រេចចិត្ត បិទប្រព័ន្ធបំពងសំឡេងរិះគន់ប្រឆាំងនឹងកូរ៉េខាងជើង នៅឯតំបន់ព្រំដែនដោយចាប់ផ្ដើមពីថ្ងៃចន្ទនេះតទៅ។ ការសម្រេចចិត្តនេះ មានគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមទាំងជួយបង្កើនសន្ទុះភាពរីកចំរើន នៃការផ្សះផ្សា ក៏ដូចជាបង្កើនបរិយាកាសប្រកបដោយសន្តិភាព នៅមុនជំនួបកំពូលអន្តរកូរ៉េ»។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងត្រូវជួបពិភាក្សាគ្នានៅឯកិច្ចប្រជុំកំពូលអន្តរកូរ៉េ រៀបចំឡើងនៅឯភូមិ Panmunjom ទឹកដីកូរ៉េខាងត្បូងនៅថ្ងៃសុក្រសប្ដាហ៍នេះ មុននឹងលោក គីម ត្រូវជួបដោយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែឧសភា ឬនៅដើមខែមិថុនា៕