(រីយ៉ាដ)៖ កងកម្លាំងសន្តិសុខអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាខ្លួនបានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (Drone) ខ្នាតតូចមួយ គ្រឿងនៅក្នុងរដ្ឋធានីរីយ៉ាដ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើននាំគ្នាចែកចាយបន្តវីដេអូបង្ហាញ ពីការផ្ទុះអាវុធនៅក្នុងសង្កាត់មួយដែលព្រះបរមរាជវាំងស្ថិតនៅ ខណៈពាក្យចចាមអារ៉ាមពីការធ្វើរដ្ឋប្រហារកំពុងផ្ទុះឡើង។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ​Russian Today នៅថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨។

ជាមួយគ្នានោះដដែរ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) តាមរយៈការស្រង់សម្ដីពីអ្នកនាំពាក្យប៉ូលិសក្នុងរដ្ឋធានីរីយ៉ាដ បានបញ្ជាក់ថា កងកម្លាំងសន្តិសុខបានប្រទះឃើញយន្ដហោះដ្រូន (Drone) ខ្នាតតូចមួយគ្រឿងហោះនៅក្បែរព្រះបរមរាជវាំង ដោយ គ្មានការអនុញ្ញាត នៅម៉ោងប្រមាណ៧៖៥០នាទីយប់ កាលពីថ្ងៃសៅរ៍ ជាហេតុនាំឱ្យកងកម្លាំងសន្តិសុខសម្រេចចិត្តបាញ់ទម្លាក់យន្ដ ហោះដ្រូននេះ។ ដោយឡែក ថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតម្នាក់ បានអះអាងថា គ្មាននរណាម្នាក់រងរបួសឡើយ ហើយព្រះមហាក្សត្រសាលម៉ាន (​King Salman) ក៏មិនបានគង់នៅក្នុងព្រះបរមរាជវាំងនៅ ពេលនោះដែរ ដោយទ្រង់ត្រូវបានរាយការណ៍ថាកំពុងគង់នៅចម្ការរបស់ទ្រង់នៅឯតំបន់ Diriya។

ក៏ប៉ុន្តែ ទន្ទឹមគ្នាអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើន បាននាំគ្នាចែកចាយវីដេអូ មួយអមជាមួយស្នូរកាំភ្លើងជាច្រើនគ្រាប់ក្នុង រយៈពេលជាង៣០វិនាទី ហើយដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភថាភាពតានតឹងនយោបាយអាចនឹងផ្ទុះឡើងជាថ្មី ស្របពេល ពាក្យចចាមអារ៉ាមពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងសំណួរទាក់ទិននឹងទីកន្លែងស្ថិតនៅរបស់ព្រះមហាក្សត្រសាល់ម៉ាន និងរាជទាយាត មហំាម៉ាត់ បិនសាល់ម៉ាន ក៏កំពុងផ្ទុះឡើងផងដែរ៕