(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃសៅរ៍នេះ បានសាទរចំពោះការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការផ្អាកការធ្វើតេស្តអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង និងបានស្នើឲ្យកូរ៉េខាងត្បូងក៏ដូចជាសហរដ្ឋអាមេរិក កាត់បន្ថយសកម្មភាពយោធារបស់សម្ព័ន្ធមិត្តទាំងពីរនេះ ដើម្បីឆ្ពោះទៅរកការសម្រេចបានដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហានៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងដូច្នេះថា «យើងចាត់ទុកការសម្រេចចិត្តនេះថា គឺជាការបោះជំហានដ៏សំខាន់មួយ សំដៅទៅរកការបន្ធូរបន្ថយភាពតានតឹង នៅតំបន់ឧបទ្វីបកូរ៉េ និងទៅរកការពង្រឹងនិន្នាការវិជ្ជមានៗ ដើម្បីធ្វើឲ្យស្ថានការណ៍នៅតំបន់អាស៊ីឦសាននេះមានភាពប្រសើរឡើងវិញ»។ ក្រៅពីនេះទីក្រុងម៉ូស្គូ បានឆ្លៀតឱកាសស្នើដោយទទូចឲ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ចាត់វិធានការឆ្លើយតបឲ្យស្របតាមការសម្រេចចិត្តចិត្តរបស់កូរ៉េខាងជើង តាមរយៈការគិតគូរ រឿងកាត់បន្ថយសកម្មភាពយោធានៅក្នុងតំបន់ជាដើម។
គួរជម្រាបថា ក្រសួងការបរទេសរុស្ស៊ី ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា សម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងជើង នឹងអាចសម្រេចបាននូវការព្រមព្រៀងគ្នាដែលទទួលយកបានទាំងសងខាងជាមួយកូរ៉េខាងជើង នៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ គឺរវាងកូរ៉េទាំងពីរ និងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។
សម្រាប់កិច្ចប្រជុំអន្តរកូរ៉េ លោក គីម ជុងអ៊ុន និង លោក មូន ជែអ៊ីន ត្រូវគេកំណត់ថានឹងជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងនៅថ្ងៃទី២៧ ខែមេសា ពោលគឺថ្ងៃសុក្រសប្តាហ៍ក្រោយ នៅឯភូមិ Panmunjom ដែលជាតំបន់ព្រំដែននៃប្រទេសទាំងពីរ ខណៈជំនួបរវាងលោក ត្រាំ និងលោក គីម នៅមិនទាន់ត្រូវបានកំណត់ពេលវេលនិងទីតាំងច្បាស់លាស់ដដែល ដោយគេគ្រាន់តែដឹងថាកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ទំនងជានឹងប្រព្រឹត្តទៅនាអំឡុងចុងខែឧសភា ឬដើមខែមិថុនាខាងមុខនេះ៕