(ឡាកូស)៖ មនុស្សយ៉ាងហោចណាស់ ៣០នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់រះយ៉ាងកម្រោល បង្កឡើងដោយក្រុមឧទ្ទាម ឬឃាតកស្ថិតនៅក្នុងរដ្ឋ Zamfara ភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
ក្រុមឃាតកខាងលើនេះ គឺស្ថិតនៅក្នុងសង្កាត់ Danmani និង Kabaro នៃរដ្ឋខាងលើនេះ ដោយធ្វើការបាញ់រះក្នុងតំបន់នេះ តាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ហើយរយៈពេលបីថ្ងៃគិតត្រឹមថ្ងៃសៅរ៍នេះ មនុស្សសរុប ៣០នាក់សុទ្ធសឹងតែជាប្រជាជនស្លូតត្រង់ ត្រូវបានពួកខ្មាន់កាំភ្លើងទាំងនោះសម្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
គួរបញ្ជាក់ថា បើតាមប្រភពពីមន្ត្រីក្នុងតំបន់ប្រាប់មក ស៊ីនហួ ប្រជាជននៅក្នុងតំបន់ដែលរងការវាយប្រហារ ស្ថិតភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ានោះ បាននាំក្រុមគ្រួសារពួកគេភៀសខ្លួនចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅហើយទៅកាន់តំបន់ផ្សេងទៀត ដែលមានសុវត្ថិភាព ដោយសារតែពួកគេខ្លាចទទួលរងករណីសម្លាប់រង្គាល ដ៏សាហាវយង់ឃ្នងខាងលើនេះ៕