(ប៉េកាំង)៖ ឆ្លើយតបទៅនឹងដំណឹងដ៏ល្អពីកូរ៉េខាងជើង ចិនដែលជាសម្ព័ន្ធមិត្តដ៏ធំ និងតែមួយគត់របស់ប្រទេសឯកោមួយនេះ ក៏បានចូលរួមសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ លោក គីម ជុងអ៊ុន ក្នុងការផ្អាកកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលផ្លោង របស់របបដឹកនាំទីក្រុងព្យុងយ៉ាងផងដែរ។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
លោក Lu បាននិយាយថា ចិនជឿជាក់ថាការសម្រេចរបស់កូរ៉េខាងជើង នឹងជួយបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍ ហើយជួយលើកកម្ពស់ទិដ្ឋភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ ចេញពីតំបន់ឧបទ្វីបកូរ៉េ ព្រមទាំងដោះស្រាយតាមផ្លូវនយោបាយ នូវបញ្ហានានានៅក្នុងតំបន់នេះ។ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ប្រទេសចិនគាំទ្រចំពោះកូរ៉េខាងជើង ព្រមទាំងប្រទេសនានាដែលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហារៀងៗខ្លួនរបស់ពួកគេ តាមរយៈកិច្ចសន្ទនា និងការប្រឹក្សា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងគ្នានិងគ្នា។
ម៉្យាងវិញទៀត បើតាមលោក Lu Kang ទីក្រុងប៉េកាំងក៏សង្ឃឹមផងដែរថា គ្រាប់ភាគីទាំងអស់ដែលពាក់ព័ន្ធ នឹងយល់ព្រមសម្របសម្រួលគ្នា ហើយចាត់វិធានការជាក់ស្តែង និងខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែង ព្រមទាំងការអភិវឌ្ឍរួមនៅក្នុងតំបន់ ហើយចិននឹងនៅតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងបញ្ហានេះ។
គួរជម្រាបថា យោងតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង នឹងផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ចាប់ពីថ្ងៃទី២១ ខែមេសានេះតទៀត ហើយខ្លួនក៏នឹងសម្រេចបិទមូលដ្ឋានធ្វើតេស្តមួយ នៅភាគខាងជើងប្រទេសផងដែរ៕