(ញូដេលី)៖ ដើមពោធិដ៏ធំមួយដើម មានអាយុប្រមាណ ៧០០ឆ្នាំ នៅរដ្ឋតេឡេងហ្គាណា (Telengana) ភាគខាងត្បូងភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានគេដាក់បន្តោងសេរ៉ូមពិសេស ដែលផ្ទុកនូវថ្នាំកម្ចាត់សត្វល្អិត ដើម្បីការពារពីការយាយីនៃសត្វចង្រៃ មកលើដើមរុក្ខជាតិដ៏ចំណាស់នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
ដើមឈើខាងលើមានមែកធាងលាតសន្ធឹងលើផ្ទៃដីប្រមាណ ១២,១៤១ម៉ែត្រការ៉េ និងត្រូវគេអះអាងថា ជាប្រភេទដើមពោធិ៍ (Bayan Tree) ធំជាងគេទីពីរនៅលើលោកនេះ។ យ៉ាងណាមិញ បច្ចុប្បន្ននេះអាជ្ញាធរប្រទេសឥណ្ឌា កំពុងព្យាយាមជួយសង្រ្គោះ ក៏ដូចជាការពារដើមឈើបុរាណ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមមួយនេះ ពីការរីករាលដាលនៃសត្វកណ្តៀរ។
គួរជម្រាបថា ពូជដើមពោធិ៍នៅប្រទេសឥណ្ឌា ត្រូវគេស្គាល់យ៉ាងទូលំទូលាយ សម្រាប់ការរីកលូតលាស់បែកមែកសាខាយ៉ាងធំសម្បើម និងការចាក់ឬសដ៏មាំៗរបស់ពួកវា។ សម្រាប់ដើមពោធិ៍ធំជាងគេលើលោក គឺស្ថិតនៅតំបន់ Acharya Jagadish Chandra Bose នៃឧទ្យានឥណ្ឌា Bostanic ក្បែរទីក្រុងកុលកាតា នៃរដ្ឋ West Bengal៕