(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃសៅរ៍នេះបានចេញសេចក្តីថ្លែងការណ៍អបអរសាទរ ចំពោះការអះអាងពីរបបដឹកនាំកូរ៉េខាងជើងថា នឹងផ្អាកការធ្វើតេស្តសាកល្បងមីស៊ីល-នុយក្លេអ៊ែរ ព្រមទាំងបិទទីតាំងធ្វើតេស្តសាកល្បងនុយក្លេអ៊ែរ ដ៏ធំបំផុតក្នុងប្រទេសថែមទៀតផងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
លោក ស៊ីនហ្សូ អាបេ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាជំហានមួយ ដែលឆ្ពោះទៅមុខ។ ខ្ញុំសូមស្វាគមន៍ចំពោះរឿងនេះ»។ ទោះបីជាយ៉ាងនេះក្តី លោក អាបេ បានសង្កត់ធ្ងន់ថា អ្វីដែលពិភពលោកចង់បានជាចុងក្រោយនោះ គឺនៅតែជាការបោះបង់ចោលអាវុធនុយក្លេអ៊ែរ, ក្បាលគ្រាប់នុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃៗទៀតរបស់កូរ៉េខាងជើងទាំងស្រុងតែម្តង។
ចំពោះការសម្រេចចិត្តដ៏គួរឲ្យស្វាគមន៍របស់កូរ៉េខាងជើងនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអះអាងផងដែរថា លោកមានក្តីរីករាយ និងសុទិដ្ឋិនិយមជាខ្លាំង។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រទេសកូរ៉េខាងជើង នឹងចាប់ផ្តើមផ្អាកការធ្វើតេស្តសព្វាវុធខាងលើ ពីថ្ងៃសៅរ៍នេះតទៅ ហើយប្រទេសកុម្មុយនិស្តមួយនេះ ក៏បានសម្រេចបិទទ្វារទីតាំងធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរដ៏ធំមួយនៅភាគខាងជើង ប្រទេស ដើម្បីធានាពីតម្លាភាពនៃកិច្ចប្រឹងប្រែង ផ្អាកការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនទៀតផង។
គួររំលឹកថា កាលពីដើមសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងជួបជាមួយលោក គីម នៅចុងខែឧសភា ឬក៏នៅដើមខែមិថុនាខាងមុខ ខណៈទីតាំងនៃគម្រោងបើកកិច្ចប្រជុំកំពូល រវាងប្រទេសទាំងពីរនេះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ៕