(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានឲ្យដឹងថា ការខូចគ្រឿងនៅក្នុងកុំព្យូទ័រយួរដៃម៉ូដែល MacBook Pro មួយចំនួនបានបង្កឲ្យថ្មនៅក្នុងឧបករណ៍ទាំងនោះ រីកមាឌកើតចេញជាបញ្ហាហើយខ្លួនបានបញ្ជាក់ថា នឹងផ្តល់ការផ្លាស់ប្តូរថ្មថ្មីដល់ Laptop ទាំងនោះដោយឥតគិតថ្លៃនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
ជុំវិញរឿងនេះ ក្រុមហ៊ុន Apple បានគូសបញ្ជាក់ថា កំហុសឆ្គងផ្នែក Hardware ខាងលើនេះ ដែលត្រូវបានគេរាយការណ៍ថា កើតមាននៅក្នុង Laptop ម៉ូដែល MacBook Pro មួយចំនួន ទំហំ ១៣អ៊ីញ និងពុំមានមុខងារ Touch Bar នោះ គឺមិនមែនជាបញ្ហាសុវត្ថិភាពឡើយ។ បើតាមការឲ្យដឹងរបស់ Apple កុំព្យូទ័រដែលរងការប៉ះពាល់ទាំងអស់ ត្រូវបានដំឡើងកាលពីចន្លោះខែតុលា ឆ្នាំ២០១៦ និងខែតុលា ឆ្នាំ២០១៧ ប៉ុន្តែមិនមានការបញ្ជាក់ឲ្យច្បាស់ពីចំនួនពិតប្រាកដ នៃ MacBook ដែលមានបញ្ហានោះទេ។
គួរជម្រាបថា ក្រុមហ៊ុនដែលជាអ្នកផលិតស្មានហ្វូនដ៏ល្បីបំផុតលើពិភពលោក iPhone នេះ នាពេលកន្លងទៅ បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីមហាជន ក្រោយពីខ្លួនបានទទួលស្គាល់កាលពីខែធ្នូឆ្នាំមុនថា កម្មវិធីដែលប្រើប្រាស់ជាមួយថ្មចាស់ៗ នៅក្នុងទូរស័ព្ទដៃ iPhone 6, iPhone 6s, និង iPhone SE អាចធ្វើឲ្យស្មានហ្វូនម៉ូដែលទាំងនេះដើរយឺត។ បន្ទាប់មកក្រុមហ៊ុន Apple ក៏បានចេញមុខសូមអភ័យទោស និងបានទម្លាក់តម្លៃនៃការផ្លាស់ប្តូរថ្មី សម្រាប់ម៉ូដែលដែលជួបបញ្ហាពី ៧៩ដុល្លារ មកនៅត្រឹម ២៩ដុល្លារវិញ៕