(តេហេរ៉ង់)៖ បន្ទាប់ពីបានលឺការប្រកូកប្រកាសរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃបុណ្យឯករាជ្យខួបទី ៧០ឆ្នាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឲ្យអន្តរជាតិងើបឡើងប្រឆាំងអ៊ីរ៉ង់នោះ កងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានព្រមានតបវិញនៅបន្ទាប់ថា «ដៃរបស់ពួកយើង គឺស៊កនៅជាប់កៃ (ឬប៊ូតុង) សម្រាប់បញ្ជាមីស៊ីលរួចស្រេចហើយ ដោយគ្រាន់តែកេះវាប៉ុណ្ណោះ នោះគ្រាប់មីស៊ីល នឹងហោះទៅស្រោចលើមូលដ្ឋានទ័ពអាកាសនានា នៅលើទឹកអ៊ីស្រាអែលតែម្តង»។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
ការប្រកាសក្តែងៗរបស់អ៊ីរ៉ង់ខាងលើនេះ គឺក៏បានកើតមានឡើងផងដែរ បន្ទាប់ពីផែនទីនៃមូលដ្ឋានទ័ពស៊ីរី ដែលគេចោទថាអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងនោះ ត្រូវបានសារព័ត៌មានអ៊ីស្រាអែលយកទៅធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃដើមសប្តាហ៍នេះតែម្តង។ មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ ហូហ្សេន សាឡាមី (Hossein Salami) បានព្រមានថា «អ៊ីស្រាអែលកំពុងតែរស់នៅក្នុងមាត់សត្វនាគហើយ ព្រោះថាពេលនេះ មូលដ្ឋានទ័ពដែលស្ថិតនៅភាគខាងជើង និងខាងលិចអ៊ីស្រាអែល បានស្ថិតនៅក្នុងទិសដៅ នៃគ្រាប់មីស៊ីលយើងជាស្រេច»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលកំពុងជាប់ផុងក្នុងរឿងអាស្រូវពុករលួយបានអះអាងថា «អ៊ីរ៉ង់គឺជាសត្រូវរបស់យើងទាំងអស់គ្នា ជាសត្រូវរបស់អ៊ីស្រាអែល ពិភពអារ៉ាប់ និងអរិយ្យធម៌»។ លោកបានបន្តយ៉ាងដូច្នេះទៀតថា «អ៊ីរ៉ង់បាននិយាយដោយចំហ ពីការបំផ្លាញអ៊ីស្រាអែល។ អ៊ីរ៉ង់កំពុងឡោមព័ទ្ធតំបន់មជ្ឈិមបូព៌ា ហើយចង់ក្រសោបយកតំបន់នេះទាំងមូល។ ពួកគេបានបាញ់គ្រាប់រ៉ុក្កែតលើទីក្រុងរីយ៉ាដ និងអារ៉ាប៊ីសាអូឌីត និងកំពុងគ្រប់គ្រងប្រទេសលីបង់ ព្រមទាំងដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់ហ្គាសា និងអ៊ីរ៉ាក់។ ចំណែកឯនៅស៊ីរីវិញ ពួកគេកំពុងព្យាយាមបង្កើតមូលដ្ឋានទ័ព ដូច្នេះប្រទេសស្រឡាញ់សន្តិភាពទាំងអស់ គួរតែងើបឡើងប្រឆាំងនឹងអ៊ីរ៉ង់»៕