(ក្រុងអ៊ីស្តានប៊ុល-តួកគី)៖ បន្ទាប់ពីកិច្ចជំនួបប្រជុំសន្និបាតពិភពលោក ស្តីអំពីជនជាតិភាគតិចមុស្លីមពិភពលោក ដែលមានវត្តមានតំណាងពីប្រទេសកម្ពុជា ២រូប មានលោក ស្មាន ម៉ាណាន អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអេស៊ីប និងលោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកក៏បានរៀបចំឲ្យមានជំនួបសំណេះសំណាល ជាមួយសមាគមសិស្ស និស្សិតកម្ពុជានៅតួកគី ហើយបញ្ជាក់ថា ការដែលសមាគមមួយនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការ ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា នឹងជាចំណែកជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែប្រសើរទៅមុខទាំងវិស័យការទូត សេដ្ឋកិច្ច វប្បធម៌ និងការយល់ដឹងពីគ្នាទៅវិញទៅមក។
ជំនួបនេះធ្វើឡើងនៅ សមាគមវិទ្យាសាស្ត្រ និងវប្បធម៌ នៃទីក្រុងអ៊ីស្តានប៊ុល នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្នុងនោះដែរ ក៏មានតំណាងមកពីសមាគមពាក់ព័ន្ធផ្សេងៗទៀត នៅប្រទេសតួរគី។
លោក តាំ សាគីរីន ប្រធានសមាគមនិស្សិតកម្ពុជានៅតួកគី បានឡើងបង្ហាញពីបញ្ហា និងសកម្មភាពកន្លងទៅរបស់សមាគម ក៏ដូចជាគោលដៅ និងគម្រោងផែនការតទៅមុខ ដើម្បីធ្វើយ៉ាងណា ឲ្យសកម្មភាពរួមអាចដំណើរការទៅមុខ ដោយជោគជ័យ ក៏ដូចជាសមស្របទៅនឹងដំណើរការទំនាក់ទំនង មិត្តភាពការទូត វិនិយោគសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះ លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសង្កត់ធ្ងន់ ក្រើនរំឭកដល់សិស្សានុស្សិតខ្មែរដែលកំពុងបន្ត ឧត្តមសិក្សានៅទីនោះ ឲ្យផ្តោតសំខាន់លើការអភិវឌ្ឍបំណិនជីវិត រៀនសហការគ្នាធ្វើការជារួម បន្ថែមពីលើមុខជំនាញកំពុងសិក្សា ព្រោះវាជាកត្តាចំបង ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានាពេលខាងមុខ។
លោកបានបន្ថែមថា រដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពទំនាក់ទំនង សហការគ្នាធ្វើការរបស់សិស្សានុសិស្សទាំងក្នុង និងក្រៅប្រទេស និងចាត់ទុកកត្តាអប់រំយុវជនជំនាន់ក្រោយ ជាចំណុចសំខាន់មួយ ក្នុងការសម្រេចឲ្យបាននូវគម្រោងផែនការយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។
អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេស៊ីប លោក ស្មាន ម៉ាណាន បានបញ្ជាក់ពីការអភិវឌ្ឍចំណងមិត្តភាពកម្ពុជា-តួកគី លើវិស័យការទូត ហើយនិងបានចាត់ទុកសិស្សនិស្សិតកម្ពុជា ដែលបន្តការសិក្សានៅទីនោះ ថាជាយុវទូតកម្ពុជារក្សាចំណងមិត្តភាព ទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងជាធនធានដ៏សំខាន់ សម្រាប់បេសកម្មពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតទៅមុខ។
លោកបានកោតសរសើរអំពីគំនិតផ្តួចផ្តើម ប្រមូលផ្តុំសិស្សានុស្សិតរួមគ្នាជាសមាគម រួមគ្នាធ្វើការ និងជួយគ្នាទៅវិញទៅមក ហើយលោកក៏បានស្នើឲ្យ តំណាងពីស្ថាប័ន និងសមាគមដែលពាក់ព័ន្ធនៅតួរគី ជួយរួមសហការគាំទ្រជ្រោមជ្រែង ដល់សកម្មភាពរបស់សមាគមនេះ នៅថ្ងៃខាងមុខឲ្យបានដំណើរការទៅរលូន និងជោគជ័យ។
សូមបញ្ជាក់ថា ប្រទេសតួរគី មានសក្តានុពលខ្ពស់លើវិស័យអប់រំ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយទាំងក្នុងតំបន់ និងពិភពលោក ហើយរដ្ឋាភិបាលប្រទេសតួគី បានចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤ ហើយសព្វថ្ងៃមានសិស្សតែ២៤នាក់ប៉ុណ្ណោះ ដែលទទួលបានអាហារូបករណ៍នេះ ក្នុងកំឡុងពេលបីឆ្នាំចុងក្រោយនេះ ដើម្បីជាធនធានសម្រាប់ចំណងមិត្តភាព និងការទូតរវាងប្រទេសទាំងពីរ៕