(សាន់ហ្វ្រាន់ស៊ីស្កូ)៖ សិស្សានុសិស្សរាប់រយនាក់មកពីសាលារៀននានា ក្នុងតំបន់ Bay Area ភាគខាងជើងរដ្ឋកាលីហ្វញ៉ា បានប្រមូលផ្តុំគ្នានាចុងសប្តាហ៍នេះ ដើម្បីប្រឆាំងតវ៉ាចំពោះអំពើហិង្សាផ្សេងៗ ដែលបង្កឡើងដោយកាំភ្លើង និងបានអំពាវនាវឲ្យមាន ការរឹតបន្តឹងច្បាប់ប្រើប្រាស់អាវុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
កូនសិស្សទាំងឡាយខាងលើ បានទៅជួបជុំគ្នានៅខាងក្រៅសាលាក្រុង San Jose ដែលស្ថិតនៅចម្ងាយប្រហែលជា ៧២គីឡូម៉ែត្រភាគខាងត្បូង ទីប្រជុំជននៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ដើម្បីសម្តែងការគោរពចំពោះមនុស្ស ១៣នាក់ ដែលត្រូវបានគេបាញ់សម្លាប់នៅក្នុងសាលាមធ្យមសិក្សា ខូឡុំបាញ (Columbine) នារដ្ឋ ខូឡូរ៉ាដូ (Colorado) កាលពីឆ្នាំ១៩៩៩។
គួរជម្រាបថា សកម្មភាពប្រឆាំងតវ៉ានេះ ត្រូវបានធ្វើឡើងដើម្បីជាការគម្រប់ខួប ១៩ឆ្នាំ នៃហេតុការណ៍បាញ់សម្លាប់រង្គាលនៅសាលារៀន Columbine ដែលកាលនោះយុវជនពីរនាក់ បានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកម្រោល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៩ ដោយផ្តាច់ជីវិតសិស្សចំនួន ១២នាក់ និងគ្រូបង្រៀនម្នាក់ ហើយបង្កឲ្យរបួសមនុស្ស ២១នាក់ផ្សេងទៀត មុនពេលពួកគេទាំងពីរធ្វើអត្តឃាតខ្លួនឯងតាមក្រោយ៕