(វ៉ាស៊ីនតោន)៖ មន្ត្រីនានានៃស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានព្រមានអំពីផលប៉ះពាល់ទៅលើសេដ្ឋកិច្ច នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី បើសិនជាសង្គ្រាមពាណិជ្ជកម្មនៅតែបន្តប្រព្រឹត្តទៅយ៉ាងតានតឹងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នា២០១៨។
លោក ឆាងយ៉ុង រី (Changyong Rhee) ប្រធាននាយកដ្ឋានតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅអាមេរិកថា «គោលនយោបាយគាំពារនិយមថ្មីៗដែលត្រូវបានដាក់ចេញ ដូចដែលការតម្លើងពន្ធនាំចូល ដែលត្រូវបានធ្វើកាលពីពេលថ្មីៗនេះ វានឹងបង្កផលប៉ះពាល់ដោយចំពោះ ទៅលើតំបន់អាស៊ី។ អាស៊ី គឺនៅតែតំបន់នៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចចម្បង សម្រាប់សកលលោក ដែលមានតម្លៃស្មើនឹងជាង ៦០ភាគរយ នៃការអភិវឌ្ឍជាសកល»។
ទោះជាយ៉ាងណាក៏ដោយ តំបន់នេះកំពុងតែប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះ ក្នុងរយៈពេលមធ្យម ក្នុងនោះមានទាំងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោក, ការផ្លាស់ប្តូរឆ្ពោះទៅរកគោលនយោបាយថ្មី ដែលកំពុងត្រៀមអនុវត្តន៍ និងការកើនឡើងនៃភាពតានតឹងនយោបាយភូមិសាស្ត្រ។ ដូច្នេះមន្ត្រីជំនាញ IMF បានធ្វើការអំពាវនាវឲ្យបណ្តាប្រទេសនានា ជាពិសេសមហាអំណាចសេដ្ឋកិច្ច ដែលចង់សំដៅលើចិន និងសហរដ្ឋអាមេរិក គួរតែព្យាយាមដោះស្រាយបញ្ហាវិវាទពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ជារួម៕