(ម៉ូស្គូ)៖ ការវាយប្រហារមីស៊ីលរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសស៊ីរីកាលពីសប្តាហ៍មុន បានលុបបំបាត់ចោលរាល់កាតព្វកិច្ចខាងសីលធម៌ទាំងអស់ ដែលតម្រូវឲ្យរុស្ស៊ីបដិសេធមិនប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ទៅឲ្យប្រធានាធិបតីស៊ីរី Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនពីមុនមកនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងថា «ឥឡូវនេះយើងពុំមានកាតព្វកិច្ចខាងសីលធម៌ទៀតឡើយ។ យើងធ្លាប់មានកាត្វកិច្ចខាងសីលធម៌... យើងធ្លាប់បានសន្យាថា មិនធ្វើយ៉ាងដូច្នោះកាលពីប្រមាណជា ១០ឆ្នាំមុន តបតាមសំណើរបស់ដៃគូរបស់យើង»។ មេបញ្ជាការយោធារុស្ស៊ីម្នាក់ ក៏ធ្លាប់បានបង្ហើបឲ្យដឹងផងដែរថា ទីក្រុងម៉ូស្គូ នឹងពិចារណាផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល S-300 ទៅឲ្យស៊ីរី ក្រោយពីមានការវាយប្រហារដែលដឹកនាំដោយសហរដ្ឋអាមេរិក។
គួរជម្រាបថា សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស បានបាញ់មីស៊ីលចំនួន ១០៥គ្រាប់ កាលពីសប្តាហ៍មុនទៅលើស៊ីរី ដើម្បីធ្វើជាការសងសឹកចំពោះករណីវាយប្រហារដោយឧស្ម័នគីមី ដែលគេសង្ស័យថា ជាស្នាដៃរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ទៅលើតំបន់មួយកន្លែងកាន់កាប់ដោយក្រុមឧទ្ទាម ដែលនៅក្បែររដ្ឋធានីដាម៉ាស់។
បើតាមក្រុមអ្នកវិភាគផ្នែកយោធា ប្រព័ន្ធ S-300 នឹងជួយបង្កើនសមត្ថភាពរបស់ប្រទេសរុស្ស៊ី ក្នុងការគ្រប់គ្រងដែនអាកាសនៅក្នុងប្រទេសស៊ីរី ជាទីដែលកងទ័ពរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ផ្តល់ការគាំទ្រចំពោះរដ្ឋាភិបាលរបស់លោក Al-Assad និងអាចមានគោលដៅដើម្បីទប់ទល់នឹងសកម្មភាពរបស់អាមេរិក៕