(ហ្គាសា)៖ ជនជាតិប៉ាឡេស្ទីនចំនួន ០៤នាក់បន្ថែមទៀតបានស្លាប់ និងជាង ៤៥០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា រវាងកងកម្លាំងការពារព្រំដែនអ៊ីស្រាអែល និងក្រុមបាតុករជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាសា កាលពីថ្ងៃសុក្រម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងសុខាភិបាល នៃក្រុមហាម៉ាស់-ប៉ាឡេស្ទីន ដែលគ្រប់គ្រងនៅតំបន់ហ្គាសា គឺលោក អាស្រាហ្វ អាល់ កេដ្រា (Asharf al-Qedra) បានឲ្យដឹងថា «ជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ទាំង ០៤នាក់នោះ គឺសុទ្ធសឹងតែជាបុរសដែលមានវ័យចន្លោះពី ១៥ឆ្នាំ ទៅ ២៩ឆ្នាំ ដោយពួកគេត្រូវបានកងទ័ពអ៊ីស្រាអែល បាញ់សម្លាប់នៅក្នុងបាតុកម្ម តាមព្រំដែនរវាងតំបន់ហ្គាសា និងអ៊ីស្រាអែល»។
ដោយឡែកមនុស្សរងរបួសចំនួនជាង ៤៥០នាក់បន្ថែមនោះ គឺភាគច្រើនត្រូវបានទាហានអ៊ីស្រាអែលបាញ់កាំភ្លើងចំ ដោយមួយចំនួនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជម្លោះធ្ងន់ធ្ងរឡើងវិញរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានកើតមានឡើងជាង ១ខែមកហើយ ដោយការបំផ្ទុះបាតុកម្មតែងតែត្រូវបានរៀបចំឡើងនៅថ្ងៃសុក្រ រៀងរាល់សប្តាហ៍។
សរុបចំនួនមនុស្សស្លាប់ ដែលសុទ្ធសឹងតែជាជនជាតិប៉ាឡេស្ទីនជាងមួយខែមកនេះ គឺមាន ៣៧នាក់ និងរបួសវិញជាង ៤,០០០នាក់ទៅហើយ ប៉ុន្តែអន្តរជាតិហាក់ពុំទាន់មានដំណោះស្រាយអ្វី ឲ្យមានប្រសិទ្ធភាពដើម្បីដោះស្រាយជម្លោះដ៏ក្តៅគគុកខាងលើនេះឡើយ៕