(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសស្វាគមន៍ភ្លាមៗ ចំពោះការសម្រេចចិត្តរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការផ្អាកធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ព្រមទាំងការបិទទីតាំងសាកល្បងនុយក្លេអ៊ែរដ៏ធំមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញ Twitter ថា «កូរ៉េខាងជើងបានយល់ព្រមផ្អាករាល់ការធ្វើតេស្តមីស៊ីល-នុយក្លេអ៊ែរ និងបិទមូលដ្ឋានធ្វើតេស្តដ៏ធំមួយថែមទៀតផង។ នេះគឺជាដំណឹងដ៏ល្អមែនទែន សម្រាប់ប្រទេសកូរ៉េខាងជើងផ្ទាល់ និងពិភពលោកទាំងមូល ដែលវាគឺជាការវិវឌ្ឍស្ថានការណ៍យ៉ាងរលូនមួយ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរបស់ពួកយើង»។
ឆ្លើយតបទៅនឹងដំណឹងខាងលើ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍មួយថា «ការសម្រេចចិត្តរបស់កូរ៉េខាងជើង គឺជាវឌ្ឍនភាពដ៏មានអត្ថន័យ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ពីក្នុងតំបន់ឧបទ្វីបកូរ៉េ ដោយវាគឺជាអ្វីដែលពិភពលោកតែងតែប្រាថ្នាចង់បាន។ ម៉្យាងវិញទៀត ទង្វើនេះនឹងបង្កើតបរិយាកាសយ៉ាងវិជ្ជមាន សម្រាប់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ និងកូរ៉េខាងជើង-អាមេរិក ដែលនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ»។
គួរជម្រាបថា បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចាប់ពីថ្ងៃទី២១ ខែមេសានេះតទៅ កូរ៉េខាងជើងនឹងផ្អាករាល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលផ្លោង។ បន្ថែមពីនេះ ទីក្រុងព្យុងយ៉ាង ក៏នឹងបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែរមួយកន្លែង នៅតំបន់ភាគខាងជើងប្រទេសផងដែរ ដើម្បីធានាពីតម្លាភាពក្នុងការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ៕