Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធ្លាក់ឧទ្ធម្ភាគចក្រ​នៅភាគ​កណ្តាល​ឥណ្ឌូណេស៊ី «បង្កឲ្យ​មនុស្ស​ស្លាប់ និងរបួស​១០នាក់ ភាគច្រើន​ជាជន​ជាតិ​ចិន»

20-04-2018 18:31

(ហ្សាការតា)៖ ក្រុមមន្ត្រីឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះ​បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង បានធ្លាក់​នៅឯតំបន់ ម៉ារ៉ូវ៉ាលី (Marowali Regency) នៃខេត្ត ស៊ូឡាវេស៊ី (Sulawesi) ភាគកណ្ដាល​នៃប្រទេស ដោយបណ្ដាលឱ្យ​មនុស្សម្នាក់ស្លាប់ និង​០៩នាក់ទៀតរងរបួស ក្នុងនោះមាន​០៦នាក់ ជាជនជាតិ​ចិន។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅល្ងា​ចថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។

ថ្លែងប្រាប់​ស៊ីនហួរ អ្នកនាំពាក្យក្រសួងដឹក​ជញ្ជូនឥណ្ឌូណេស៊ី លោក បាំបាំង អឺវ៉ាន (Bambang Ervan) បានបញ្ជាក់ថា អ្នកដំណើរ​០៦នាក់ជិះនៅលើ​ឧទ្ធម្ភាគចក្រ គឺជាជនជាតិ​ចិន ហើយគ្រោះថ្នាក់នេះ​បានសម្លាប់បុគ្គលិក​ម្នាក់របស់​ក្រុមហ៊ុន PT IMIP ដែលជាម្ចាស់​ឧទ្ធម្ភាគចក្រនេះ។ ចំណែក​ឯពីឡុត និងសហ-​ពីឡុតបានរងរបួស ខណៈបុគ្គលិក​ដទៃទៀត ក៏បានរងរបួសផងដែរ។

គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ឧទ្ធម្ភាគចក្រ​ខាងលើមិនទាន់ ត្រូវបានគេបញ្ជាក់​ឱ្យច្បាស់នៅឡើយទេ ដោយគ្រាន់តែ​គេដឹងថា ឧទ្ធម្ភាគចក្រនេះ​ធ្លាក់នៅអំឡុងពេល​រៀបចុះចត៕