ឧត្តមស្នងការសិទ្ធិមនុស្ស UN កំពុងព្យាយាមជ្រៀតចូលប្រទេសស៊ីរី ដើម្បីមើលឲ្យឃើញការពិតជាក់ស្តែង...
20-04-2018 16:47
(ញូយ៉ក)៖ ឧត្ដមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein បាននិយាយថារដ្ឋាភិបាលស៊ីរី គួរតែអនុញ្ញាតឱ្យក្រុមមន្ត្រីរបស់លោក ចូលទៅក្នុងប្រទេសស៊ីរី បើពុំដូច្នោះទេគ្មាននរណាម្នាក់ជឿឡើយ លើអ្វីដែលទីក្រុងដាម៉ាស់បានអះអាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik កាលពីថ្ងៃព្រហស្បតិ៍ លោក Zeid Ra’ad Al Hussein បានគូសបញ្ជាក់ដូច្នេះថា «យើងមានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយប្រទេស ដែលយើងនិយាយទៅកាន់ដោយផ្ទាល់។ ដូច្នេះហើយដូចគ្នាទៅនឹងបណ្ដាប្រទេសដទៃ ទីណាដែលយើងមិនអាចចូលទៅបាន យើងនឹងស្នើសុំចូលទៅដល់ទីនោះ។ ម្យ៉ាងវិញទៀត បើសិនជារដ្ឋាភិបាលស៊ីរីចង់ឱ្យយើង ជឿលើអ្វីដែលពួកគេបាននិយាយ ពួកគេគួរតែអនុញាតឱ្យយើងចូលទៅក្នុងប្រទេសស៊ីរី ហើយបើពួកគេមិនអនុញ្ញាតទេ នោះខ្ញុំមិន ជឿឡើយចំពោះអ្វីដែលពួកគេបាននិយាយ»។
គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមេសា ក្រុមឧទ្ទាមស៊ីរីបានអះអាងថា កងកម្លាំងរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគីមីវាយប្រហារលើខ្លួននៅក្នុងទីក្រុងឌួម៉ា ដោយផ្ដាច់ជីវិតមនុស្សច្រើនជាង ៧០នាក់។ មិនតែប៉ុណ្ណោះវាក៏បានជំរុញផងដែរ ឱ្យសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ដឹកនាំការវាយប្រហារមីស៊ីលលើមូលដ្ឋានទ័ពស៊ីរី នៅក្នុងទីក្រុងហូម៕