(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានព្រមព្រៀងគ្នាបើកខ្សែទូរស័ព្ទបន្ទាន់ (Hotline) រវាងប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលនឹងត្រូវជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រ នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
យោងតាមវិមានប្រធានាធិតីកូរ៉េខាងត្បូង ខ្សែទូរស័ព្ទបន្ទាន់នេះត្រូវបានបង្កើតឡើងរវាងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae និងការិយាល័យកិច្ចការរដ្ឋកូរ៉េខាងជើង ដែលគ្រប់គ្រងដោយលោក គីម ជុងអ៊ុន។ ជាមួយគ្នានោះក្រុមមន្ត្រីនៃការិយាល័យ Cheong Wa Dae ក៏បានឱ្យដឹងដែរថា ខ្សែទូរស័ព្ទបន្ទាន់នេះអាចនឹងជួយបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ ត្បិតជម្លោះ និងភាពតាមតានតឹងរវាងកូរ៉េទាំងពីរ នៅតាមតំបន់ព្រំដែននាពេលកន្លងមក ក៏បង្កឡើងដោយការយល់ច្រឡំ និងខ្វះទំនាក់ទំនង។
គួរបញ្ជាក់ថា លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នាក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅឯតំបន់គ្មានយោធានៃទឹកដីកូរ៉េខាងត្បូងនៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ មុននឹងលោក គីម គ្រោងនឹងជួបពិភាក្សាជាមួយលោក ដូណាល់ ត្រាំ នៅខែឧសភា ឬនៅដើមខែមិថុនា៕