(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថា យុទ្ធសាស្រ្តថ្មីរបស់ខ្លួន ពាក់ព័ន្ធនឹងប្រតិបត្តិការនៅតំបន់សមុទ្រទឹកកកអាក់ទិច (ប៉ូលខាងជើង) នឹងត្រូវដាក់ចេញនៅររដូវក្តៅនាឆ្នាំ២០១៨ (ចន្លោះអំឡុងចុងខែមិថុនា និងខែសីហា) ដើម្បីឆ្លើយតបចំពោះការស្ថានភាពកាន់តែយាប់យឺន នៃការរលាយផ្ទៃទឹកកកនៅទីនោះ ដែលជាកត្តាចម្បងមួយ មិនអាចទប់ស្កាត់បានទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
មេបញ្ជាការទ័ពជើងទឹកអាមេរិក លោក Richard Spencer បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កងទ័ពជើងទឹក ត្រូវការធ្វើកំណែប្រែយុទ្ធសាស្រ្តតំបន់អាក់ទិចរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់បន្តមកទល់ពេលនេះ តាំងតែពី០៤ឆ្នាំមុន ពីព្រោះថាបញ្ហាបម្រែបម្រួលអាកាសធាតុលើសាកលលោកបាន និងកំពុងបង្កឲ្យផ្ទាំងទឹកកនៅសមុទ្រដ៏ត្រជាក់នេះ រលាយក្នុងកម្រិតគួរឲ្យបារម្ភខ្លាំង។
ជាមួយគ្នានេះ លោក Spencer ក៏បានសង្កត់ធ្ងន់ផងដែរថា ការកើនឡើងនៃសកម្មភាពរបស់រុស្ស៊ី នៅក្នុងតំបន់អាក់ទិច គួរតែត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បន្តិច។ បើតាមលោក Spencer រុស្ស៊ីកំពុងត្រួសត្រាយបង្កើតផ្លូវធ្វើដំណើរមួយខ្សែប្រវែង ៣.៦គីឡូម៉ែត្រនៅទីនោះ ក្រោមហេតុផលបង្កើនកិច្ចប្រឹងប្រែង ក្នុងសមត្ថភាពរុករក និងជួយសង្រ្គោះ។
គួរជម្រាបថា ខណៈក្រសួងការពារជាតិអាមេរិក បានដាក់ចេញយុទ្ធសាស្រ្តការពារជាតិ ដែលមានភាពកោងកាចជាងមុននោះ គោលនយោបាយថ្មីសម្រាប់តំបន់មហាសមុទ្រទឹកកកអាក់ទិច ត្រូវគេរំពឹងថា នឹងដើរតាមទំនោរដូចគ្នា។ ម៉្យាងវិញទៀត កងកម្លាំងការពារដែនសមុទ្រអាមេរិក ក៏បានដាក់សំណើបំពាក់ប្រព័ន្ធមីស៊ីលប្រដេញប្រឆាំងនាវា នៅលើនាវាបំបែកទឹកកករបស់ខ្លួនផងដែរ ខណៈដែលកងម៉ារីនចំនួន ៣០០នាក់ ត្រូវបានគេអះអាងកំពុងធ្វើការហ្វឹកហាត់នៅក្នុងប្រទេសន័រវែស ដើម្បីសិក្សាពីការប្រយុទ្ធក្រោមអាកាសធាតុត្រជាក់៕