(ប៉េកាំង)៖ យន្ដហោះមានសមត្ថភាពទម្លាក់គ្រប់បែកនុយក្លេអ៊ែរធុន H-6K នៃកងទ័ពរំដោះប្រជាជនចិន បានដឹកនាំការធ្វើសមយុទ្ធយោធាល្បាត ហោះឆ្វែលជុំវិញកោះតៃវ៉ាន់ ជាសារព្រមានមួយផ្ញើជូនរដ្ឋាភិបាលទីក្រុងតៃប៉ិ កុំស្រមៃចង់បានឯករាជ្យពីចិនដីគោក ដោយអាងលើសម្ព័ន្ធភាពមិនផ្លូវការជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
ជុំវិញសមយុទ្ធយោធានេះដែរ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា យន្ដហោះ H-6K ចំនួនពីរគ្រឿងបាន ហោះឆ្វែលពីលើច្រកសមុទ្រ Miyako ឆ្ពោះទៅកាន់ភាគខាងជើងកោះតៃវ៉ាន់ មុននឹងហោះហើរទៅកាន់ភាគខាងត្បូង និងឆ្លងកាត់តំបន់ទឹក Bashi។ លើសពីនេះទៅទៀត ទីក្រុងតៃប៉ិ ក៏បានថ្កោលទោសផងដែរ ចំពោះសមយុទ្ធយោធានេះដោយចាត់ទុកថា វាគឺជា ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខកោះរបស់ខ្លួន។
តែទោះជាយ៉ាងនេះក្ដី ក្រុមមន្រ្តីចិនបានបញ្ជាក់ជាមួយការព្រមានថា វាគ្រាន់តែជាសមយុទ្ធយោធាបែបធម្មតាតែប៉ុណ្ណោះ។ «សកម្មភាពទាមទារឯករាជ្យ គឺជាការគំរាមកំហែងដ៏ធំដល់សន្តិសុខសមុទ្រ នៅច្រកសមុទ្រតៃវ៉ាន់។ ដូច្នេះគ្មានកម្លាំង និងគ្មាននរណាម្នាក់ អាចបំផ្លាញដល់ដំណោះស្រាយ និងសមត្ថភាពយោធាដ៏រឹងមាំរបស់យើង ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពដែនដីបានជាដាច់ខាត»។ នេះគឺជាលើកឡើងរបស់អ្នកនាំពាក្យការិយាល័យចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ លោក ម៉ា ហ្សាវក្វាង (Ma Xiaoguang)៕