(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បាននិយាយថា ទំនាក់ទំនាក់រឹងមាំ និងប្រកបដោយស្ថិរភាពរវាមហាយក្សចិន និងមហាអំណាចអាមេរិកនាពេលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងវិជ្ជមានក្រៃលែង ទៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូលតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅអំឡុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យអាមេរិក Harvard លោក Cui បានលើកឡើងថា «ចំណងការទូត និងកិច្ចសហប្រតិបត្តិការរយៈពេល៤០ឆ្នាំមកនេះ បានបម្រើដល់ផលប្រយោជន៍ជាច្រើន និងយ៉ាងប្រសើរនៃប្រទេសទាំងពីរ។ ក្រៅពីអត្ថប្រយោជន៍ទ្វេភាគីទាំងអស់ ដែលពួកយើងទទួលបានពីទំនាក់ទំនងនេះ យើងក៏បានឃើញមានលទ្ធផលវិជ្ជមានល្អៗ ទៅលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលផងដែរ។
បើតាម លោក Cui ចិននិងសហរដ្ឋអាមេរិក មានផលប្រយោជន៍ និងការទទួលខុសត្រូវរួមគ្នា ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពសកលលោក ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាពជាដើម ដោយលោកបានលើកឡើងថា វាគឺជាការទទួលខុសត្រូវរបស់ប្រទេសទាំងពីរចំពោះសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះ លោក Cui បានទទូចឲ្យសហរដ្ឋអាមេរិក បោះបង់ចោលគំនិតសង្រ្គាមត្រជាក់យកឈ្នះយកចាញ់គ្នា ដែលអាចបំផ្លិចបំផ្លាញទំនាក់ទំនងទ្វេរភាគី។ ពាក់ព័ន្ធនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មនាពេលថ្មីៗនេះវិញរវាងចិន និងអាមេរិក លោក Cui បានដាស់តឿនថា សង្រ្គាមពាណិជ្ជកម្ម នឹងពុំបម្រើដល់វត្ថុបំណងមានអត្ថន័យណាមួយឡើយ ហើយផ្ទុយមកវិញនឹងបំផ្លាញវិស័យពាណិជ្ជកម្មឲ្យខ្ទេចខ្ទីរតែម្តង។
គួរជម្រាបថា ភាពតានតឹងក្នុងវិស័យពាណិជ្ជកម្មចិន-អាមេរិក បានជួបបញ្ហារកាំរកូសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានគំរាមបង្កើនថ្លៃពន្ធលើទំនិញរបស់ចិន ដែលមានតម្លៃសរុបប្រមាណ ១០០ពាន់លានដុល្លារ ក្រោយពីបានស្នើដំឡើងពន្ធក្នុងអត្រាយ៉ាងខ្ពស់ លើការនាំចូលទំនិញរបស់ចិន ដែលមានតម្លៃសរុបប្រហែល ៥០ពាន់លានដុល្លាររួចហើយនោះ៕