បុគ្គលដែលលោក ដូណាល់ ត្រាំ ជ្រោមជ្រែង «ឥឡូវនេះបានឡើងជាប្រធានអង្គការ NASA ថ្មីជាផ្លូវការហើយ»
20-04-2018 11:47
(វ៉ាស៊ីនតោន)៖ ទីបំផុតលោក Jim Bridenstine ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តឲ្យឡើងកាន់តំណែងជាប្រធានអង្គការ NASA ថ្មីហើយ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានណែនាំឈ្មោះលោកទៅកាន់សភា អស់រយៈពេល០៧ខែទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
លោក Jim បានថ្លែងស្វាគមន៍ ចំពោះការទទួលស្គាល់រូបលោក ពីសំណាក់ព្រឹទ្ធសភាយ៉ាងដូច្នេះថា «វាជាពិសេសជាកិត្តិយសមួយ ដែលខ្ញុំត្រូវបានទទួលស្គាល់ដោយព្រឹទ្ធសភា នៃសហរដ្ឋអាមេរិក ដើម្បីកាន់តំណែងជាអ្នកដឹកនាំអង្គការ NASA។ ខ្ញុំទន្ទឹងរង់ចាំការបំពេញការងារជាមួយក្រុមការងារដ៏ជំនាញ របស់អង្គការអវកាសនេះ ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យរបស់លោកប្រធានាធិបតី (ត្រាំ) សម្រាប់ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យអវកាស»។
គួរបញ្ជាក់ថា លោក Jim គឺជាអាកាសយានិកមួយរូប នៃកងទ័ពអាកាសសហរដ្ឋអាមេរិក និងជាអតីតនាយកសារៈមន្ទីរអាកាស និងអវកាស Tulsa Air និង Planetarium ផងដែរ។ លោកត្រូវបានជ្រើសតាំងឲ្យចូលទៅក្នុងសភា កាលពីឆ្នាំ២០១២ ដើម្បីធ្វើជាសមាជិកសភាតំណាងស្រុកមួយ នៃរដ្ឋអូក្លាហូម៉ា។ កាលពីពេលថ្មីៗនេះ លោក Jim ក៏ត្រូវបានតែងតាំងជាសមាជិក នៃគណកម្មាធិការបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងអវកាស នៃគណកម្មាធិការយោធា របស់សភាសហរដ្ឋអាមេរិក ហើយឥឡូវនេះទើបក្លាយប្រធានអង្គការ NASA៕